ទណ្ឌិតចំនួន ៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដោយសារភាពចង្អៀតណែន។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានពន្ធនាគារ។
ការផ្ទេរទណ្ឌិតទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា។ បើតាមអគ្គនាយកដ្ឋានពន្ធនាគារ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំចំនួន៩៨នាក់ ពីពន្ធនាគារខេត្តព្រះសីហនុ ដែលមានភាពចង្អៀតណែនទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន។ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះអនុវត្តន៍បញ្ជាផ្ទេរទណ្ឌិតដោយផ្ទាល់តាមគោលការណ៍ពីឯកឧត្តម ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ ចំណែក កិច្ចការផ្ទេរទណ្ឌិតទាំងនេះ បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។
យ៉ាងណាមិញ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ មានយន្តការដែលប្រើប្រាស់ដោះស្រាយភាពចង្អៀតណែននៅតាមពន្ធនាគារមួយចំនួន។ យន្តការនេះ គឺអនុវត្តការផ្ទេរទណ្ឌិតដែលចប់នីតិវិធីតុលាការ ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលមានលទ្ធភាពផ្ទុក។ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារមានយន្តការជាមួយក្រសួងយុត្តិធម៌។ យន្តការនេះ គឺជំរុញការអនុវត្តគោលនយោបាយបន្ធូរបន្ថយទោស ការដោះលែងដោយមានលក្ខខណ្ឌ ហើយថ្មីៗនេះក៏មានការសិក្សាជំរុញរៀបចំឱ្យមានការអនុវត្តយន្តការទោសការងារសហគមន៍ ជំនួសឱ្យការដាក់ទោសពន្ធនាគារ ចំពោះបទល្មើសតិចជាង ៣ឆ្នាំតែប៉ុណ្ណោះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











