跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា អំពាវនាវស្នើសុំការគាំទ្រ និងសម្របសម្រួលអន្តរជាតិ ក្នុងកិច្ចខិតខំសន្តិភាព និងកែទម្រង់អង្គការសហប្រជាជាតិ

历史原文 · 暂无当前语言译文

ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវស្នើសុំការបន្តគាំទ្រ និងសម្របសម្រួលពីប្រធានអាស៊ាន ប្រទេសសមាជិក អង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្តដល់ការដោះស្រាយជម្លោះតាមសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មថ្មីៗ។

ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស” នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច ដែលផ្តោតលើការកសាងសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់សុខុមាលភាពប្រជាជន។ គាត់បានអះអាងថា កម្ពុជា មិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ ពោលគឺតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ដោយការប្រើកម្លាំងគឺជាជម្រើសចុងក្រោយបំផុត។

ក្នុងសុន្ទរកថា ឯកឧត្ដមបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ប្រកបដោយសុខដុមរមនា ទំនាក់ទំនងអ្នកជិតខាងល្អ និងបម្លែងតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។

ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ពីការគាំទ្រកំណែទម្រង់អង្គការសហប្រជាជាតិ ដោយផ្តោតលើវិធានការជាក់ស្តែង តាមដំណាក់កាលបន្តបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាពដោយមិនប៉ះពាល់ដល់ធម្មនុញ្ញ។ កម្ពុជាក៏បានលើកឡើងពីអាទិភាពសំខាន់ៗ រួមមាន៖

  • ការពង្រឹងអំណាចការទូត ដើម្បីបញ្ចៀសជម្លោះ      និងដោះស្រាយវិបត្តិពីដើមដំបូង។
  • ការពង្រឹងមហាសន្និបាតអ.ស.ប.      ឲ្យមានសមត្ថភាពត្រួតពិនិត្យ      និងតាមដានការអនុវត្តសេចក្តីសម្រេចបានប្រសើរជាងមុន។
  • ការបង្កើនចំនួនអាសនៈសមាជិកមិនអចិន្ត្រៃយ៍      នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លុះបញ្ចាំងសភាពពិភពលោកពហុប៉ូល។
  • ការពង្រឹងបេសកកម្មថែរក្សាសន្តិភាព      និងបេសកកម្មឃ្លាំមើល នៅតំបន់ជម្លោះ ដើម្បីធានាសិទ្ធិស្មើគ្នារបស់ប្រទេសតូចៗ។

ឯកឧត្ដម ប្រាក់ សុខុន បានបន្ថែមថា អំណាចដ៏សំខាន់បំផុតរបស់អង្គការសហប្រជាជាតិ មិនមែនជាអំណាចបង្ខិតបង្ខំទេ ប៉ុន្តែជាអំណាចផ្នែកសីលធម៌ ភាពស្របច្បាប់ និងអំណាចកោះប្រជុំ ដែលអាចការពារប្រទេសតូចៗ និងរក្សាសន្តិភាពបាន។

ក្នុងឱកាសអបអរសាទរខួប៨០ឆ្នាំ អង្គការសហប្រជាជាតិ ឯកឧត្ដមបានអំពាវនាវឲ្យប្រទេសសមាជិកគោរពចក្ខុវិស័យរបស់ស្ថាបនិក ដោយជ្រើសយកកិច្ចសហប្រតិបត្តិការជំនួសការប្រឈម ការសន្ទនាជំនួសការបែកបាក់ និងក្តីសង្ឃឹមជំនួសភាពអស់សង្ឃឹម។ គាត់បានសង្កត់ថា៖ «កម្ពុជាត្រៀមខ្លួនក្នុងការសម្រេច ភាពប្រសើរឡើងជាមួយគ្នា ដោយសហការជាមួយរដ្ឋសមាជិកទាំងអស់ ប្រព័ន្ធអង្គការសហប្រជាជាតិ និងដៃគូទូទាំងពិភពលោក ដើម្បីធានាថា អនាគតនឹងពោរពេញទៅដោយសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរ សម្រាប់មនុស្សគ្រប់រូប»។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…