跳至正文
西哈努克省电视台 · 官方网站
登录

សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ានចាប់អារម្មណ៍លើសក្តានុពលវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា

历史原文 · 暂无当前语言译文

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន នៅថ្ងៃទី២៨ ខែកញ្ញា នាទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។ ក្រោមការសម្របសម្រួលពីក្រសួងទេសចរណ៍, សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានឯកភាពក្នុងការនាំសមាជិករបស់ខ្លួនពី ៥០ទៅ ១០០ក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មលើវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន បច្ចេកវិទ្យា ការបង្ហាញម៉ូត និងសេវាកម្មផ្សេងៗទៀត ទៅទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

ទន្ទឹមគ្នានេះ សមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ដើម្បីជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍បន្ថែមទៀត។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បានលើកឡើងអំពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ព្រមទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសការវិនិយោគផ្ទាល់ពីបរទេសផងដែរ។ ចំណែក វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មអាស៊ាន ក៏បានចែករំលែកអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលមានសារៈសំខាន់នៅក្នុងការពង្រឹងទេសចរណ៍មូស្លីម និងឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជាទៀតផង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…