(ភ្នំពេញ)៖ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម DATO DR ABDUL MANAF METUSSIN រដ្ឋមន្ត្រីទេសចរណ៍ព្រុយណេ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការឯកភាពគ្នាលើទិដ្ឋភាពបច្ចេកទេសរួចរាល់។
នាឱកាសនោះ ភាគីទាំងពីរបានឯកភាពក្នុងការជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍មូស្លីមឱ្យបានទូលំទូលាយ ព្រមទាំងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ មានទស្សនៈរួមគ្នាថាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទាមទារឱ្យមានការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរឯកភាពក្នុងការចុះហត្ថលេខាលើអនុរស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ កម្ពុជា-ព្រុយណេ ដែលអាចរៀបចំឡើងនៅកម្ពុជា ឬ នៅអំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វលីពីន។ ភាគីទាំងពីររំពឹងថាតាមរយៈការចុះហត្ថលេខាលើ MOUនេះ នឹងជួយជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរកាន់តែច្រើនឡើនបន្ថែមទៀត៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ



