跳至正文
西哈努克省电视台 · 官方网站
登录

ក្រុមហ៊ុនចិនធំមួយ នឹងដាក់ដំណើរការរោងចក្រតម្លើងរថយន្តអគ្គិសនីនៅខេត្តព្រះសីហនុឆាប់ៗនេះ

历史原文 · 暂无当前语言译文

ក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដែលជាក្រុមហ៊ុនធំរបស់ចិន នឹងដំណើរការនូវរោងចក្រតម្លើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំនៅក្នុងខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន BYD ដឹកនាំដោយ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

គណៈប្រតិភូក្រុមហ៊ុន BYD បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ ដើម្បីរាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក, វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រតម្លើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រតម្លើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខផងដែរ។

គណៈប្រតិភូក្រុមហ៊ុន BYD ក៏បានបញ្ជាក់ដែរថា ខ្លួននឹងសហការជាមួយក្រុមហ៊ុន Huawei ក្នុងការរៀបចំសម្របសម្រួលលើបេសកកម្មជំរុញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងទីក្រុង Shenzhen ប្រទេសចិន នាពេលអនាគតផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល រំពឹងថាក្រុមហ៊ុន BYD នឹងពាំនាំអំពីគុណសម្បត្តិ និងចំណុចវិជ្ជមាននានាដែលពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផ្សព្វផ្សាយបន្តទៅកាន់ដៃគូវិនិយោគ និងសហគមធុរកិច្ចរបស់ខ្លួនផងដែរ។ លោកថា CDC ត្រៀមលក្ខណៈរួចរាល់ ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន BYD បានបើកការសាងសង់រោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ រោងចក្រនេះ នឹងដំឡើងផលិតផលចំនួន ២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងអគ្គិសនី។ ក្នុងមួយឆ្នាំក្រុមហ៊ុន នឹងអាចដំឡើងរថយន្ដចន្លោះពី ១ម៉ឺនគ្រឿង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

评论

正在加载评论…