នៅព្រឹកថ្ងៃទី៩ តុលា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordination Task Force – JCTF) កម្ពុជា–ថៃ សម្រាប់កិច្ចការដោះមីនមនុស្សធម៌រវាងប្រទេសទាំងពីរ បានប្រជុំលើកទី២ តាមប្រព័ន្ធវីដេអូ (VTC)។
កិច្ចប្រជុំនេះមានគោលបំណងបន្តពិភាក្សាអំពីការរៀបចំ និងបង្កើត និយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures – SOP) របស់ JCTF បន្ទាប់ពីភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ និងកែសម្រួលលើឯកសារនេះចំនួនពីរលើកមកហើយ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បន្ថែមថា ការរៀបចំ SOP នេះមានសារៈសំខាន់ក្នុងការធានាបាននូវបែបបទការងារដែលមានស្តង់ដារផ្តោតលើភាពសាមគ្គី ការគោរពអធិបតេយ្យ និងការរក្សាបូរណភាពទឹកដីរបស់ប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះក៏នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពារជីវិតប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលនៅសល់ពីសង្គ្រាមកាលពីអតីតកាល។
គួររំលឹកថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា–ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee – GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ


