ភ្នំពេញ៖ នៅព្រឹកថ្ងៃ០៩ តុលា ឆ្នាំ ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំប្រទេសកម្ពុជា ដែលមាននិវាសនដ្ឋាននៅទីក្រុងបាងកក និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររួមនៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសជួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលអាចរួមចំណែកដល់ការពង្រឹងសន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ការជួបនេះបង្ហាញពីការចាប់អារម្មណ៍រួម និងបំណងជ្រាលជ្រៅរបស់ភាគីទាំងពីរ ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា–ស្វីស ឱ្យកាន់តែជិតស្និទ្ធ និងមានផលប្រយោជន៍រួម។
ក្រសួងការពារជាតិបានលើកឡើងថា ការអភិវឌ្ឍន៍ទំនាក់ទំនង និងកិច្ចសហការជាបន្ត គឺជាគន្លងសំខាន់សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក្រោមពាក្យស្លោក៖
- អរគុណសន្តិភាព !
- អរគុណនយោបាយឈ្នះឈ្នះ !
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ







