ព្រលានយន្តហោះខ្នាតអន្តរជាតិ ឈ្មោះអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ មានតម្លៃជិត២ពាន់លានដុល្លារអាមេរិក នឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដោយធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអ្នកដើរតួនាទីដ៏សំខាន់មួយនៅក្នុងទីផ្សារអាកាសចរណ៍ក្នុងតំបន់ និងជាគោលដៅទាក់ទាញសម្រាប់អ្នកដំណើរទូទាំងពិភពលោក។ សម្រាប់ព្រលានយន្តហោះខ្នាតយក្សថ្មីរបស់កម្ពុជា ដែលត្រូវបានជាប់ចំណាត់ថ្នាក់ទី៩ ថាជាព្រលានយន្តហោះទំនើប និងធំជាងគេនៅក្នុងពិភពលោក។ ទីលានយន្តហោះធ្វើដំណើរនេះ លាតសន្ធឹងលើផ្ទៃដីជាង២៦០០ហិកតា ស្ថិតក្នុងស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល និងមួយផ្នែកស្ថិតក្នុងខេត្តតាកែវ។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបង្កើនសមត្ថភាពអាកាសចរណ៍របស់កម្ពុជាធំជាងមុនរហូតដល់ ៦ដង ពង្រឹងការតភ្ជាប់ក្នុងតំបន់ និងគាំទ្រដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ អាកាសយានដ្ឋានខ្នាតយក្ស លំដាប់ 4F នេះ វាអាចផ្ទុកយន្តហោះខ្នាតធំៗរបស់ពិភពលោក រួមទាំងយន្តហោះ Airbus A380-800 និង Boeing 747-800។ ក្នុងដំណាក់កាលដំបូងរបស់ខ្លួន អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ នឹងអាចទទួលអ្នកដំណើររហូតដល់ ១៣លាននាក់ក្នុងមួយឆ្នាំ ដោយពង្រីកដល់ ៣០លាននាក់ ក្នុងដំណាក់កាលទីពីរ និងទីបី ជាមួយនឹងសមត្ថភាពចុងក្រោយនៃអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត








