នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៃសាធារណរដ្ឋតួកគី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ។
ពិធីចុះហត្ថលេខា ត្រូវបានរៀបចំនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដែលអញ្ជើញជាអធិបតី និងជាអ្នកចុះហត្ថលេខាតំណាងរដ្ឋាភិបាលកម្ពុជា។ ផ្នែកតួកគី តំណាងដោយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ពីទាំងពីរក្រសួង។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យដឹកជញ្ជូន ការតភ្ជាប់ និងការសម្របសម្រួលតាមរយៈច្រករបៀងកណ្តាល និងច្រក TRACECA។ កិច្ចសហការនេះនឹងជួយលើកកម្ពស់តួនាទីប្រទេសទាំងពីរ ឲ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់តំបន់របស់ខ្លួន ដោយកម្ពុជាអាចក្លាយជា Logistics Hub សម្រាប់តំបន់អាស៊ាន ខណៈតួកគីនឹងក្លាយជា Economic Hub សម្រាប់តំបន់អាស៊ីបូព៌ា និងអឺរ៉ុប។
ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូត Ülkü Kocaefe និង ឯកឧត្តម Abdulkadir Uraloğlu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ នៃសាធារណរដ្ឋតួកគី ដែលបានផ្តួចផ្តើម និងគាំទ្រដល់ការចុះហត្ថលេខាលើអនុស្សរណៈនេះឲ្យប្រព្រឹត្តទៅដោយជោគជ័យ។
រដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ការតភ្ជាប់តាមរបៀងនេះ គឺជាជំហានសំខាន់មួយក្នុងការចងក្រងទំនាក់ទំនងដឹកជញ្ជូនអន្តរជាតិ ដើម្បីបង្កើនចរាចរណ៍ទំនិញ និងពាណិជ្ជកម្មពីតំបន់អាស៊ី ទៅដល់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងតំបន់មេឌីទែរ៉ាណេ។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានប្តេជ្ញាចិត្តបន្តគាំទ្រពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ











