កំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅ-វាលរេញ មានប្រវែងប្រមាណ២០គីឡូម៉ែត្រ ដែលរងការខូចខាតធ្ងន់ធ្ងរ នឹងត្រូវជួសជុលនាពេលឆាប់ៗនេះ។ បើតាមឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានបង្ហើបប្រាប់ដូច្នេះនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោម នាព្រឹកថ្ងៃទី១០ ខែតុលា។ ទន្ទឹមនឹងការបង្ហើបប្រាប់ព័ត៌មាននេះ ឯកឧត្តមមិនបានបញ្ជាក់ច្បាស់អំពីកាលបរិច្ឆេទនៃការបើកការដ្ឋានសាងសង់នោះទេ ប៉ុន្តែបានបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធបានពិភាក្សាផ្ទៃក្នុងនៃសាងសង់ផ្លូវនេះរួចរាល់ហើយ។
ឯកឧត្តម សាយ សំអាល់ បានពន្យល់ដូច្នេះថា៖ «ពុកម៉ែគិតមើល ឡានដឹកទំនិញពីព្រែកចាកមកកំពង់សោមតាមផ្លូវហ្នឹង! ឥឡូវមានផ្លូវណាខុសពីហ្នឹងទៀត។ អ៊ីចឹងរឿងផ្លូវនេះ យើងត្រូវធ្វើដាច់ខាត់ហើយ ហើយខ្ញុំសង្ឃឹមថា ឆាប់ៗនេះ»។ ជាមួយគ្នា ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ស្ថាប័នពាក់ព័ន្ធបានពិភាក្សាគ្នា គុណគូរក្នុងតម្លៃមួយសមរម្យ ហើយក៏បានគុណគូរក្នុងបច្ចេកទេសដែលអាចទប់ទលនឹងស្ថានភាពដីនៅកន្លែងនោះដែរ ព្រោះស្ថានភាពដីនៅទីនោះជ្រាយនៅខាងក្រោម។ បើតាមឯកឧត្តមរដ្ឋមន្រ្តី «យើងមានជម្រើស២ គឺទី១. ខួងដីធ្វើដូចសសរ និងទី២. បាញ់ថ្នាំដើម្បីពង្រឹងដី ដែលនេះនឹងអាចទៅរួច»។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅ-វាលរេញ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសារជាប្រភេទដីស្អុយ បៀមទឹកខ្លាំងដែលមានជម្រៅជ្រៅជាង១0ម៉ែត្រ។ ចំពោះបច្ចុប្បន្នស្ថានភាពនៃការធ្វើដំណើរលើកំណាត់ផ្លូវនេះ គឺមានសភាពមមាញឹកជាធម្មតាទាំងរថយន្តតូច រថយន្តធំ និងទោចក្រយានយន្ត ដែលប្រើប្រាស់ពេលជិត១ម៉ោងលើចម្ងាយផ្លូវជាង២០គីឡូម៉ែត្រនេះ។ ដើម្បីឱ្យការស្ថាបនាកំណាត់ផ្លូវនេះជាប់ធន់បានយូរឡើងវិញ ទាមទារការប្រើប្រាស់បច្ចេកទេសសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









