跳至正文
西哈努克省电视台 · 官方网站
登录

ឯកឧត្តមសាយ សំអាល់៖«ខ្ញុំធ្វើនយោបាយចង់ជាប់ឆ្នោត ប៉ុន្តែខ្ញុំចង់ឃើញពលរដ្ឋមានដំបូលនៅលើក្បាល»

历史原文 · 暂无当前语言译文

摘要

ឯកឧត្តមសាយ សំអាល់៖«ខ្ញុំធ្វើនយោបាយចង់ជាប់ឆ្នោតប៉ុន្តែខ្ញុំចង់ឃើញពលរដ្ឋមានដំបូលនៅលើក្បាល»

«ខ្ញុំអត់ចុះមូលដ្ឋានដើម្បីតែបានសន្លឹកឆ្នោតទេ ខ្ញុំចុះមូលដ្ឋានគឺចង់ឃើញប្រជាជនមានការប្រែប្រួលទៅល្អជាងមុន តែជីវភាពរបស់ពួកគាត់គ្រាន់បើហើយ កូនគាត់គឺបានទៅរៀនដែរ។ ដូចខ្ញុំតែងតែនិយាយអ៊ីចឹង! ខ្ញុំធ្វើនយោបាយ ខ្ញុំធ្វើយ៉ាងមិចឱ្យមានដំបូលលើក្បាលមនុស្ស ធ្វើយ៉ាងមិចឱ្យមានម្ហូបនៅលើតុហើយសម្បូរបែបមានជម្រើស ធ្វើយ៉ាងមិចឱ្យមនុស្សមានចំណូលឱ្យកូនបានទៅរៀន»។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ នៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោម នាព្រឹកថ្ងៃទី១០ ខែតុលា។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប, កំពត និងខេត្តព្រះសីហនុរូបនេះ បានបញ្ជាក់ទៀតថា៖ «ជាការពិតខ្ញុំចង់ឈ្នះឆ្នោត ខ្ញុំចង់ជាប់ឆ្នោត ប៉ុន្តែគំនិតរបស់ខ្ញុំមែនទែនទៅ ខ្ញុំចង់ឃើញអ្នកខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុងទាំងអស់គ្នាមានដំបូលលើក្បាល។ ទាំងអស់គ្នាបានជួបជុំក្រុមគ្រួសារ មានម្ហូបលើតុ កូនទៅរៀន ជីវិតរស់នៅស្រួល»។ គូររំលេចថា៖ «មានដំបូលនៅលើក្បាល» គឺឯកឧត្តមចង់សំដៅទៅលើការរស់នៅរបស់ប្រជាពលរដ្ឋមានលំនៅឋានល្អបានជួបជុំក្រុមគ្រួសារ និងមានអាហារហូបចុកគ្រប់គ្រាន់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីតែងតែជំរុញឱ្យក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្តាប់និងដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់ពួកគាត់។ ចំណែកកត្តាមួយទៀត ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចុះជួយសហគមន៍តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើតឱកាសការងាជូនពលរដ្ឋ ពោលដើម្បីឱ្យពួកគាត់មានប្រាក់ចំណូល។ ក្នុងន័យនេះ ឯកឧត្តម សាយ សំអាល់ ចង់បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមានប្រាក់ចំណូល នោះធ្វើឱ្យបំណុលនៅក្នុងគ្រួសារនីមួយៗធ្លាក់ចុះ ហើយពួកគាត់លែងជំពាក់លុយគេ ដូច្នេះពួកគាត់អាចយកប្រាក់ចំណូលនោះទៅសន្សំខ្លះ ចំណែកជីវភាពរបស់ពួកគាត់បានធូរស្បើយ។ ឯកឧត្តមបន្ថែមថា «នៅពេលពលរដ្ឋរស់នៅសុខស្រួល ក្រុមការងារយើងក៏សុខស្រួលដែរ ដូច្នេះយើងស្រួលទាំងអស់គ្នា»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…