跳至正文
西哈努克省电视台 · 官方网站
登录

បំពានទឹកដីកម្ពុជាយ៉ាងកំរោល!កងកម្លាំងយោធាថៃយកគ្រឿងចក្រឈូសឆាយដីនិងរាវមីនក្នុងភូមិព្រៃចាន់

历史原文 · 暂无当前语言译文

摘要

បំពានទឹកដីកម្ពុជាយ៉ាងកំរោល!កងកម្លាំងយោធាថៃយកគ្រឿងចក្រឈូសឆាយដីនិងរាវមីនក្នុងភូមិព្រៃចាន់

កាលពីព្រឹកថ្ងៃទី១០ ខែតុលាម្សិលមិញនេះ កងកម្លាំងយោធាចម្រុះថៃ បានរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រឈូសឆាយដី រួចធ្វើសកម្មភាពរាវមីនលើដីដែលពួកគេព័ទ្ធរបងលួសកាលពីថ្ងៃទី១៣សីហា ស្ថិតនៅភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយចាត់ទុកសកម្មភាពរំលោភបំពាននេះ ជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។

អ្នកនាំពាក្យរូបនេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្កការចំពោះសកម្មភាពដ៏គឃ្លើន និងអមនុស្សធម៌របស់កងកម្លាំងចម្រុះយោធាថៃមកលើព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ដែលជាការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រំលោភលើ MOU ឆ្នាំ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ២៨កក្កដា និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC ថ្ងៃ៧ សីហា, កំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃ១០ កញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ អ្នកនាំពាក្យដដែល បានទទូចឱ្យភាគីថៃរក្សាភាពអត់ធ្មត់ខ្ពស់រង់ចាំដំណោះស្រាយរបស់គណកម្មការចម្រុះព្រំដែន (JBC) ដើម្បីបន្ធូរបន្ថយភាពតានតឹង។ សកម្មភាពរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជា ធ្វើឡើងស្របថ្ងៃឱសានុវាទចុងក្រោយរបស់អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដែលគំរាមប្រើច្បាប់អាជ្ញាសឹកដើម្បីបណ្តេញពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…