ដំណេករបស់អ្នកភូមិជោគជ័យនិងភូមិព្រៃចាន់ទាំងទារក កុមារ និងមនុស្សចាស់ត្រូវបានពួកទាហានសៀមចាក់សម្លេងបាស់រំខាន់៤យប់ជាប់ៗគ្នាចាប់តាំងពីយប់ថ្ងៃទី១០តុលា រហូតមកដល់យប់ថ្ងៃទី១៤តុលាឆ្នាំ២០២៥នេះ។ សម្លេងទាំងនោះធ្វើឱ្យខ្លាចរំខានការរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះសម្លេងនោះឮខ្លាំងៗ ហើយមានច្រើនប្រភេទ។ ដូចជាសម្លេងថ្ងូរត្អូញត្អែរទុក្ខសោក, សម្លេងខ្មោចលងអន្ទងព្រលឹង, ឆ្កែលូ, យន្តហោះទម្លាក់គ្រាប់បែក, ស្មូត្រ, និងសូត្រធម៌មនុស្សរៀបស្លាប់។ល។ ចំណែកនៅយប់ថ្ងៃទី១៣ តុលាសៀមបានចាក់បាស់រំខាននៅខាងភូមិជោគជ័យ តែបញ្ចាំងកុននៅខាងភូមិព្រៃចាន់ ហើយថ្ងៃនោះកងទ័ពសៀមក៏បានបន្តយកគ្រឿងចក្រឈួសឆាយដីចំការអ្នកភូមិព្រៃចាន់ នៅទីតាំងថ្មីប៉ែកខាងឆ្វេងពីទីតាំងចាស់ដែលថៃបានឈូសឆាយកាលពីពេលថ្មីៗនេះនៅភូមិព្រៃចាន់ដូចគ្នា។
ការចាក់សម្លេងរំខាននេះកើតឡើងចាប់តាំងពីថ្ងៃកំណត់ឱសានវាទចុងក្រោយថ្ងៃទី១០ តុលា ឆ្នាំ២០២៥ដែលកំណត់បណ្ដេញពលរដ្ឋខ្មែរឱ្យចេញពីភូមិ។ រីឯយប់មិញគេបន្តចាក់សំឡេងខ្លាំងៗដូចជា សម្លេងខ្មោច ឆ្កែលូ និងឆ្កែព្រុសជាដើម។ បុគ្គលឈ្មោះ កាន ចោម ប៉ាឡាង ត្រូវបានគេស្គាល់ជាស្ថាបនិកនៃការរៀបចំផែនការចាក់ឧបករណ៍បំពងសម្លេងទាំងនេះ ហើយគេបានតម្លើងតំណែងបុគ្គលនោះជារដ្ឋមន្រ្តីលាមករួចមកហើយ។ ជុំវិញករណីនេះ ក្នុងប្រទេសថៃកំពុងផ្ទុះការជជែកគ្នានិងប៉ះសម្តីគ្នាឯងយ៉ាងក្តៅគគុក ខណៈសមាជិកព្រឹទ្ធសភាថៃលោកស្រី អង្គកាណា នីឡាផាយិត (Angkhana Neelapaijit) ស្នើរដ្ឋាភិបាលទីក្រុងបាងកកឱ្យពិនិត្យលើករណីដែលបុគ្គលម្នាក់នេះប្រើប្រាស់សំឡេងប្រឆាំងពលរដ្ឋខ្មែរ។ ចំណែក ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធមនុស្សថៃ លោក ស៊ុនណៃ ផាសុក (Sunai Phasuk) ក៏បានបង្ហោះសារលើបណ្តាញសង្គម X ដោយដាក់ការស្តីបន្ទោសចំៗទៅលើ ចោម ប៉ាឡាង ថា បុគ្គលម្នាក់នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះថៃហើយ ដោយសារតែចាក់សំឡេងខ្មោច។ សកម្មភាពនេះគឺជាការគំរាមកំហែងផ្លូវចិត្តដល់ជនស៊ីវិល វាជារឿងខុសឆ្គងយ៉ាងច្បាស់ក្រឡែត។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រី អានូទីន (Anutin) និងយោធា បែរជាទៅគាំទ្រ កាន ចោម ប៉ាឡាង ទៅវិញ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





