ក្រសួងបរិស្ថានចាត់វិធានការច្បាប់ការបំពុលបរិស្ថានរបស់ក្រុមហ៊ុនមួយដោយបង្គាប់ឱ្យបង់ប្រាក់ពិន័យអន្តរការណ៍ចំនួន៦០លានរៀលឱ្យបានរួចរាល់មុនថ្ងៃទី១៧ ខែតុលានេះជាកំហិត នៅច្រកចេញចូលតែមួយរបស់ក្រសួងបរិស្ថាន។ ករណីក្រុមហ៊ុនមិនអនុវត្តតាម ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ជាធរមានបន្ថែមទៀត។
Ji Li Long (Cambodia) Fruit Industry Co., Ltd. ជាប្រភេទក្រុមហ៊ុនសិប្បកម្មផលិតដំណាប់ស្វាយ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានបង្កការបំពុលបរិស្ថានដោយសកម្មភាពបញ្ចេញសំណល់រាវចូលទៅក្នុងទឹកស្ទឹងព្រែកត្នោត ល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងបរិស្ថានបង្គាប់ឱ្យក្រុមហ៊ុនស្តារភក់ និងសម្អាតទឹកសំណល់ឱ្យមានស្ថានភាពបរិស្ថានល្អប្រសើរឡើងវិញនៅតាមដងស្ទឹងព្រែកត្នោតឱ្យបានរួចរាល់មុនថ្ងៃទី១៥ ខែតុលាជាកំហិត។ ក្រសួងបានឱ្យក្រុមហ៊ុនរៀបចំអាងប្រព្រឹត្តកម្មសំណល់រាវតាមលក្ខណៈបច្ចេកទេសដែលទទួលបានការអនុញ្ញាតពីក្រសួង និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណល់រាវឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ជាកំហិត។ ក្នុងដំណាក់កាលសាងសង់អាងប្រព្រឹត្តកម្មសម្អាតសំណល់រាវ ក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនផ្តល់សេវាដែលទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការបូមសម្អាតសំណល់រាវចេញពីទីតាំងក្រុមហ៊ុន។
មិនតែប៉ុណ្ណោះ ក្រសួងតម្រូវឱ្យក្រុមហ៊ុនសហការជាមួយក្រុមហ៊ុនផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ឧស្សាហកម្ម ដែលទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រមូលនិងដឹកជញ្ជូនសំរាមនិងសំណល់រឹងឧស្សាហកម្មចេញពីទីតាំងក្រុមហ៊ុន ហើយត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងឱ្យបានរួចរាល់មុនថ្ងៃទី២៨ ខែវិច្ឆិកាជាកំហិត។ លើសពីនេះ ក្រសួងតម្រូវឱ្យក្រុមហ៊ុនផ្តល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ អនុលោមតាមមាត្រា១៦២ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






