跳至正文
西哈努克省电视台 · 官方网站
登录

ផលិតផលខ្មែរជិត១០មុខ ត្រៀមនាំចេញទៅកាន់ប្រទេសចិនបន្ថែមទៀត

历史原文 · 暂无当前语言译文

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយ លោកស្រី SUN Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) និងជួបប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយ លោក ZHAO Zenglian អនុរដ្ឋមន្ត្រី GACC ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនាម័យ និងភូតគាម អនាម័យ(SPS) រវាងប្រទេសទាំងពីរ សំដៅពន្លឿនការបើកទីផ្សារចិនដល់ផលិតផលកសិផលកម្ពុជាបន្ថែមទៀត ក៏ដូចជាការសម្រួលនីតិវិធីនាំចេញទៅប្រទេសចិនស្របតាមការទន្ទឹងរង់ចាំរបស់កសិករ និងវិស័យឯកជនកម្ពុជា។

ក្នុងឱកាស ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទលើកទី២ស្តីពី «យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងសៀងហៃ ប្រទេសចិន។

ក្រសួងកសិកម្ម បានឱ្យដឹងថា ភាគីទាំងពីរបានឯកភាពគ្នាលើការពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរមួយចំនួនបន្ថែមទៀត ដែលរួមមាន អង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្អាត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន។

គួរឱ្យដឹងថា កសិផលកម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន រួមមានអង្ករ កន្ទក់អង្ករ ចំណិតដំឡូងបីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច ផ្លែទុរេនស្រស់។

លទ្ធផលទាំងនេះ គឺជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូននិងមានប្រសិទ្ធភាព។ ក្រសួងកសិកម្ម យកឱកាសនេះអំពាវនាវឱ្យកសិករនិងវិស័យឯកជនពាក់ព័ន្ធបន្តការអនុវត្តកសិកម្មល្អ(GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន សំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាមនីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្តានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ សម្រួល៖ ចិន្តា ទីទិ

评论

正在加载评论…