កម្ពុជាស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះហ្វេងសេង (Fengshen) ទទួលរងឥទ្ធិពលកម្រិត ២០ភាគេយ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី២៤ ឈ្មោះ ហ្វេងសេង (Fengshen) T2524 បានវិវត្តកើតចេញពីសម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ព្យុះនេះ មានឥទ្ធិពលលើរបបខ្យល់មូសុង ដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី១៨ ខែតុលា បានបញ្ជាក់ថា ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់បរិមាណទឹកភ្លៀងលើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី៣០ភាគរយ។
ចំណែកតំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៥០ភាគរយ។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៦០ភាគរយ។ រីឯ រលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ ២,៥០ម៉ែត្រ។
បើតាមក្រសួងធនធានទឹក យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត


