跳至正文
西哈努克省电视台 · 官方网站
登录

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ និងរដ្ឋមន្រ្តីមហាផ្ទៃកម្ពុជាឯកភាពគ្នាលើចំណុចអ្វីខ្លះពាក់ព័ន្ធបទល្មើសអនឡាញ?

历史原文 · 暂无当前语言译文

ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែតុលា បានជួបពិភាក្សាការងារ ជាមួយលោកជំទាវ គីម ជីណា (KIM JINA) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពលើចំណុចសំខាន់ៗចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ខ្លឹមសារសំខាន់ៗទាំង ៣ចំណុចដែលអនុរដ្ឋមន្ត្រីទី២នៃក្រសួងការបរទេសកូរ៉េ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពគ្នារួមមាន៖

១៖ ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះ លោកជំទាវ គីម ជីណា បានសន្យាថា ភាគីកូរ៉េនឹងផ្ដល់ការគាំទ្រលើការងារបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធ ជាមួយមន្រ្តីជំនាញ នៃក្រសួងមហាផ្ទៃកម្ពុជា។

២. ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។ ឯកឧត្តម ស សុខា ចាត់ទុកការផ្ដល់ជូននេះថា ជាស្នូលសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ។ កម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាមបណ្ដាច្រកទ្វារព្រំដែន។

៣៖ ឯកឧត្តម ស សុខា និងលោកជំទាវ គីម ជីណា បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជា បានអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ (ភាគច្រើនជាជនបរទេស) បញ្ជូនទៅតុលាការផ្ដន្ទាទោស អនុវត្តនីតិវិធីបណ្ដេញ និងបញ្ជូនចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង និងប្រតិបត្តិការសម្អាតប្រាក់ ទៅកាន់ប្រទេសក្នុងនិងក្រៅតំបន់ជាច្រើនករណី។ ប៉ុន្តែជាប្រការគួរឱ្យសោកស្ដាយ លទ្ធផលនេះ ត្រូវប្រទេស និងអង្គការអន្តរជាតិខ្លះផាត់ចោល ហើយព្យាយាមលាបពណ៌ដាក់បន្ទុក ទាំងធាតុពិតប្រភពនៃបញ្ហាមានភាពប្រទាក់ក្រឡាជាមួយសមត្ថកិច្ចពួកគេដែរ។ ក្នុងន័យនេះ ឯកឧត្តម សង្ឃឹមថា លោកជំទាវអនុរដ្ឋមន្រ្តីទី២ នឹងចូលរួមផ្ដល់ព័ត៌មានពិតអំពីស្ថានភាពជារួមនៅកម្ពុជាទៅកាន់ថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន និងប្រជាជនកូរ៉េ។

ជាមួយគ្នានេះ លោកជំទាវ គីម ជីណា បានឱ្យដឹងថា ជាការពិតឧក្រិដ្ឋជននៃអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ មានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយ ចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេរភាគី ឬជាសកល។ ជាការកត់សម្គាល់ លោកជំទាវ បានជម្រាបឯកឧត្តម ស សុខា អំពីការចាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះទិដ្ឋភាពប្រទេសកម្ពុជាដែលលោកជំទាវ ទើបបានឃើញផ្ទាល់ភ្នែកជាលើកដំបូង ដោយពោលសរសើរក្នុងន័យដើមថា «កម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត និងមានវប្បធម៌ដ៏ជ្រាលជ្រៅ»។ លោកជំទាវ ថែមទាំងបានបញ្ជាក់ពីគម្រោងនាំក្រុមគ្រួសារមកទស្សនាប្រទេសកម្ពុជាដោយក្ដីរីករាយ ជាលក្ខណៈឯកជន នាពេលខាងមុខផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…