跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលប៉ះពាល់ដល់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

历史原文 · 暂无当前语言译文

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនដែលឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព ឬបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។

សម្តេចនាយករដ្ឋមន្ត្រី បានធ្វើសេចក្តីប្រកាសតាមបណ្តាញសង្គមផ្លូវការនាថ្ងៃទី១៩ តុលា ឆ្នាំ២០២៥ បន្ទាប់ពីមានការអត្ថាធិប្បាយខ្លះៗតាមបណ្តាញសង្គម បង្ហាញការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ កក្កដា ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ។

សម្តេចបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ កក្កដា គឺមានគោលបំណងបង្កើតលក្ខខណ្ឌ និងក្រមប្រតិបត្តិដើម្បីជៀសវាងការបាញ់គ្នាឡើងវិញ និងធានាសន្តិភាពតាមបណ្តោយតំបន់ព្រំដែន។ ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើនៅពេលខាងមុខ គឺនឹងកំណត់លក្ខណៈនៃសហការជាមួយគ្នា ដើម្បីបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

សម្តេចហ៊ុន ម៉ាណែត បានលើកឡើងថា ទាំងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព មិនមានចែងពីបញ្ហាដែនដី ឬព្រំដែនឡើយ ហើយក៏មិនមានន័យថាភាគីណាមួយយល់ព្រមបោះបង់សិទ្ធិស្របច្បាប់លើទឹកដីក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនទេ។

សម្តេចបានបន្ថែមថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ជាបំណែកការងារដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា–ថៃ (JBC) ដែលត្រូវដោះស្រាយតាមបែបសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

នៅចុងបញ្ចប់ សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា៖
១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។
២. រាជរដ្ឋាភិបាលកម្ពុជាមិនដែលភ្លេច ឬបោះបង់កាតព្វកិច្ច និងសិទ្ធិស្របច្បាប់ក្នុងការការពារ និងថែរក្សាដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសឡើយ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

评论

正在加载评论…