(ខេត្តព្រះសីហនុ)៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥, តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ក្នុងនាមឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមអនុញ្ញាតសម្ដែងនូវគារវកិច្ច និងអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរ
គ្រប់ប្រការចំពោះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្របំផុតចំពោះមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រី្ត ដោយបានប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចកកម្ពុជា ដែលជាស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុតបន្តបង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យស្ញប់ស្ញែងជាច្រើនលើគ្រប់វិស័យ តាមរយៈការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពនានា ដើម្បីគាំទ្រដល់ដំណើរការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយសន្តិសហវិជ្ជមាន និងប្រើប្រាស់យន្តការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅបន្តរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បារមីលោកជំទាវម៉ៅ បារមីព្រះថោងនាងនាគ សូមជួយប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់បំផុត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយសន្តិភាព ប្រកបដោយភាពសម្បូរសប្បាយ រុងរឿងថ្កើងថ្កាន និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើ
គ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ នឹងសុភមង្គលរបស់ប្រជាជនកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ ៕
ដោយ ៖ ប៉ៃសុឃីម


