跳至正文
西哈努克省电视台 · 官方网站
登录

អ្វីទៅជា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១?

历史原文 · 暂无当前语言译文

(ខេត្តព្រះសីហនុ)៖ ២៣តុលា កិច្ចព្រមព្រៀងក្រុងប៉ារីស ជាព្រឹត្តិការណ៍រំលឹកដល់ប្រជាពលរដ្ឋខ្មែរ ពីទុក្ខវេទនាដោយសារតែភ្លើងសង្គ្រាម និងសារៈសំខាន់នៃសុខសន្តិភាព ដែលត្រូវតែរួមគ្នាការពារ និងរក្សាឲ្យបាន។ មុននឹងទទួលបានសន្តិភាព មកដល់បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាបានហែលឆ្លងកាត់ភ្លើងសង្គ្រាម ដ៏រ៉ាំរ៉ៃជិត២ទស្សវត្សរ៍ រស់នៅដោយភាពភ័យខ្លាច។ តើកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ មានប្រវត្តិយ៉ាងណាខ្លះ?

ថ្ងៃទី២៣ តុលា ឆ្នាំ២០២៥នេះ គឺជាខួប៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានភាគីជម្លោះកម្ពុជាចំនួន៤ បានចុះហត្ថលេខា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា ដែលបានអូសបន្លាយ អស់រយៈពេលជាង២ទសវត្សរ៍មក។

តាមរយៈកិច្ចព្រមព្រៀង ២៣ តុលានេះ ទើបបានធ្វើឲ្យកម្ពុជាមានលទ្ធភាពកសាងនូវរបបមួយថ្មី តាមរយៈការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបញ្ចប់វត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីកម្ពុជា ជាពិសេសបានយាងព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ចូលមាតុកម្ពុជាវិញ និងបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ គឺជារបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ រហូតមកដល់សព្វថ្ងៃ។

កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ត្រូវបានមតិជាច្រើនលើកឡើងខុសៗគ្នា ដោយមតិខ្លះបានអះអាងថា កិច្ចព្រមព្រៀងនេះលេចវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយរលត់ នៃសង្គ្រាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែកភាគីជម្លោះរបស់ខ្មែរជាដើម ហើយក៏មានអ្នកនយោបាយមួយចំនួន បកស្រាយក្នុងរូបភាពផ្សេងៗគ្នា ក្នុងហេតុផលកេងចំណេញនយោបាយ។

កន្លងមក អតីតបក្សប្រឆាំងធ្លាប់បានអះអាងថា ស្មារតីនៃកិច្ចព្រមព្រៀង២៣ តុលា មិនទាន់ត្រូវបានអនុវត្តបានល្អនៅឡើយ ជាពិសេសក្នុងវិស័យនយោបាយ និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។

យ៉ាងណាមិញ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និងទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា។

ស្មារតី ឬខ្លឹមសារសំខាន់ៗ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ការអនុវត្តកិច្ចឈប់បាញ់គ្នា និងការរំសាយអាវុធ នៅក្នុងជួរទ័ពនៃភាគីជម្លោះទាំងអស់ ហើយក៏ដើម្បីការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈ ការធានានូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិ នៃប្រទេសកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ  

..

评论

正在加载评论…