ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអ្នកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្ត បានដាក់កម្លាំងចម្រុះចុះអនុវត្តយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យរកបទល្មើសផ្សេងៗនៅតាមបណ្ដាដងផ្លូវនានាក្នុងក្រុងនៃខេត្តព្រះសីហនុ ដែលតំណាងដឹកនាំដោយ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការងខេត្ត អនុវត្តន៍ដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅតាមដងផ្លូវ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តត្រួតពិនិត្យជាប្រចាំដូចភ្លៀងរលឹម។
លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ បានឲ្យដឹងផងដែរថា ការត្រួតពិនិត្យនេះទៅលើយានយន្តដែលធ្វើចរាចរណ៍នៅលើដងផ្លូវ ហើយកម្លាំងចម្រុះត្រួតពិនិត្យរកមើលអាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើសផ្សេងៗ បើរកឃើញកម្លាំងសមត្ថកិច្ចនឹងឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម








