跳至正文
西哈努克省电视台 · 官方网站
登录

កិច្ចប្រជុំលើកទី៤ រវាងកម្ពុជា និងវៀតណាម ស្តីពីការផ្លាស់ប្តូរព័ត៌មានសន្តិសុខលើសមុទ្រ

KPS99TV历史原文 · 暂无当前语言译文

摘要

Click KPS99TV to get more details!

ខេត្តព្រះសីហនុ៖ គណ:កម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បើកកិច្ចប្រជុំលើកទី៤ ស្តីពីការផ្លាស់ប្តូរព័ត៌មានលើផ្ទៃសមុទ្ររវាងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា (គ.ជ.ស.ស) ជាមួយបញ្ជាការដ្ឋានឆ្នាំសមុទ្រតំបន់៤  វៀតណាម ដឹកនាំដោយលោកវរសេនីយឯក ងៀន វណ្ណចាញ់ ប្រធានការិយាល័យនាវាចរគយ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស និងលោកឧត្តមនាវីទោ លី ហួត មេបញ្ចាការ ទីបញ្ចាការជួរមុខអគ្គលេខាធិការដ្ឋាន សន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស)កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។

នាឱកាសនោះលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន សន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានលើកឡើងថា កិច្ចប្រជុំលើកទី៤ ក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ដែនទឹកប្រវត្តិសាស្ត្រ និងតំបន់សមុទ្រជាប់គ្នារវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ឲ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅថែមទៀត ។

លោកមេបញ្ចាការ អគ្គលេខាធិការដ្ឋានសន្តិសុខលម្ហសមុទ្របានបញ្ជាក់ថា ការផ្លាស់ប្តូរព័ត៌មានរវាងអង្គភាពទាំងពីរ មានភាពល្អប្រសើរ ប៉ុន្តែនៅមានកម្រិតគឺមានតែការផ្លាស់ប្តូរព័ត៌មានមួយចំនួនទាក់ទង និងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ការជួយសង្គ្រោះក្នុងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា វៀតណាម លោកសង្ឃឹមថា អង្គភាពទាំងពីរនឹងជំរុញលទ្ធផលដែលសម្រេចបាន និងផ្លាស់ប្តូរព័ត៌មានឲ្យបានញឹកញាប់លើគ្រប់ខ្លឹមសារស្របតាមយន្តការដែលបានចុះហត្ថលេខា សំដៅពង្រឹងទំនាក់ទំនងមិត្តភាព កិច្ច សហប្រតិបត្តិការ រួមចំណែកកសាងសន្តិភាពដែនសមុទ្រ ទប់ស្កាត់ និងបង្ក្រាបការចូលនេសាទខុសច្បាប់ក្នុងដែនទឹកនៃប្រទេសទាំងពីរ បង្ក្រាបការជួញដូរគ្រឿងញៀន ការរត់ព័ន្ធ ឬការនាំចូលទំនិញឆ្លងកាត់គយ ទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ ការរក្សាបរិស្ថានសមុទ្រ ការស្វែងរក និងជួយសង្គ្រោះនៅក្នុងដែនសមុទ្រប្រវត្តិសាស្ត្រជាដើម ។

លោកវរសេនីយ៍ឯក ងៀន វណ្ណចាញ់ ប្រធានការិយាល័យនាវាចរគយនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រតំបន់ភូមិភាគ៤ វៀតណាមបានឲ្យដឹងថា ដើម្បីផ្លាស់ប្តូរព័ត៌មានដែលបានឯកភាពគ្នាចំនួន៧ រួមមាន៖ សកម្មភាពនេសាទក្នុងដែនទឹកប្រវត្តិសាស្ត្រ ជម្លោះលើដែននេសាទ និងការធ្វើអន្តោប្រវេសន៍ខុសច្បាប់លើផ្ទៃសមុទ្រ ការស្វែងរក និងជួយសង្គ្រោះលើផ្ទៃសមុទ្រ ស្ថានភាពបទល្មើស និងឧក្រិដ្ឋកម្ម ការល្បាត និងត្រួតពិនិត្យដែនទឹកប្រវត្តិសាស្រ្ត ស្ថានភាពសន្តិសុខលើផ្ទៃសមុទ្រ និងសុវត្ថិភាពផ្សេងៗទៀត ប្រព័ន្ធទំនាក់ទំនងរវាងទីបញ្ជាការជួរមុខជាមួយបញ្ជាការដ្ឋានឆ្នាំសមុទ្រតំបន់៤ វៀតណាម។ ដោយឈរលើយន្តការទំនាក់ទំនងហេតុការណ៍រវាងឆ្នាំសមុទ្រវៀតណាម និងគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រក្នុងការផ្លាស់ប្តូរព័ត៌មានរវាងភាគីទាំងពីរ និងសកម្មភាពទូកនេសាទខុសច្បាប់ ជម្លោះដែននេសាទ ការឆ្លងដែនខុសច្បាប់ គ្រោះថ្នាក់នៅសមុទ្រ ការស្វែងរក និងជួយសង្គ្រោះការការពារបរិស្ថានសមុទ្រ ឧក្រិដ្ឋកម្ម ការរត់ពន្ធខុសច្បាប់ អំពើប្រឆាំងភេរវកម្ម សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពលើផ្ទៃសមុទ្រ ។

សូមបញ្ចាក់ថា កិច្ចប្រជុំស្តីពីការទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើផ្ទៃសមុទ្ររវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការសន្តិសុខលម្ហសមុទ្រកម្ពុជា ជាមួយបញ្ចាការដ្ឋានឆ្នាំសមុទ្រតំបន់៤ វៀតណាម បានរៀបចំធ្វើឡើងចំនួន៣លើករួចមកហើយ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការមួយចំនួនបានឯកភាពគ្នាធ្វើឲ្យបទល្មើសខុសច្បាប់ផ្សេងៗមានការថយចុះ ហើយភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាប ទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗដែលកើតមានឡើងលើផ្ទៃសមុទ្រឲ្យមានប្រសិទ្ធិភាពខ្ពស់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…