跳至正文
西哈努克省电视台 · 官方网站
登录

តំណាងរាស្ត្រកូរ៉េ៖ មិនមានការបង្ខាំងទេ! ជនជាតិកូរ៉េខ្លះប្រព្រឹត្តបទល្មើស Online Scam ដោយខ្លួនឯងនៅកម្ពុជា

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Kim Seok-ki តំណាងរាស្ត្រគណបក្សដឹកនាំរដ្ឋាភិបាល បានអញ្ជើញចុះត្រួតពិនិត្យទីតាំងមួយដែលសង្ស័យមានសកម្មភាពល្មើស Online Scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនោះ មានការចូលរួមពីសមត្ថកិច្ចកម្ពុជា ដែលបានអនុវត្តប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនបរទេសសរុបចំនួន ៨៦នាក់ រួមមានស្ត្រី ៥នាក់ ក្នុងនោះជាជនជាតិកូរ៉េ ៥៧នាក់ និងជនជាតិចិន ២៩នាក់។

តាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា បានឲ្យដឹងថា សម្ភារៈវត្ថុតាងដែលសមត្ថកិច្ចបានដកហូត រួមមានកុំព្យូទ័រចំនួន ១២៦ គ្រឿង និងទូរស័ព្ទដៃចំនួន ៣០ គ្រឿង។

សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហាញជូនគណៈប្រតិភូកូរ៉េអំពីភស្តុតាងនានា ទាក់ទងនឹងសកម្មភាពឆបោកអនឡាញ ការប្រតិបត្តិការចុះបង្រ្កាបរបស់កម្លាំងសមត្ថកិច្ចចម្រុះកម្ពុជា និងលទ្ធផលនៃការវិភាគឧបករណ៍បច្ចេកទេសដែលប្រើប្រាស់ក្នុងបទល្មើសនោះ។

ក្នុងឱកាសនោះ លោក Kim Seok-ki បានថ្លែងថា៖

«ក្រោយពីទទួលព័ត៌មាន និងឃើញដោយផ្ទាល់ យើងយល់ច្បាស់ថា ជនជាតិកូរ៉េទាំងនេះមិនត្រូវបានបង្ខាំង ឬបង្ខិតបង្ខំឡើយ។ ពួកគេបានប្រព្រឹត្តសកម្មភាពល្មើសដោយខ្លួនឯង»។

តាមរបាយការណ៍របស់គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា តំណាងគណៈប្រតិភូកូរ៉េក៏បានស្នើសុំឲ្យភាគីកម្ពុជាបន្តពង្រឹងប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្ម និងផ្តល់ជំនួយសង្គ្រោះដល់ជនជាតិកូរ៉េដែលជាអ្នករងគ្រោះក្នុងសកម្មភាពឆបោកនេះផងដែរ។

លោក Kim Seok-ki បន្ថែមថា លោកនឹងយកលទ្ធផលនៃការត្រួតពិនិត្យនេះទៅផ្សព្វផ្សាយឲ្យទូលំទូលាយនៅសាធារណរដ្ឋកូរ៉េ ដើម្បីជៀសវាងការយល់ច្រឡំអំពីប្រទេសកម្ពុជាចំពោះបញ្ហា Online Scam ហើយបានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា។

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ទាវ វិឆាត

评论

正在加载评论…