跳至正文
西哈努克省电视台 · 官方网站
登录

នាយករដ្ឋមន្រ្តីបញ្ជាឱ្យក្រសួង-ស្ថាប័នទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម និងការលក់បារីអេឡិចត្រូនិក និងស៊ីស្សា

KPS99TV历史原文 · 暂无当前语言译文

សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីស្សា អាចជាច្រកផ្លូវធ្វើឱ្យកុមារនិងយុវជននៅកម្ពុជាប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងឈានទៅជក់បារីធម្មតានៅពេលដែលពួកគេមានភាពញៀននឹងសារធាតុនីកូទីនដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។ ដូច្នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទប់ស្កាត់ការដាក់លក់ ការនាំចូល ការផ្សាយពាណិជ្ជកម្ម និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងសីស្សាគ្រប់ប្រភេទដោយគ្រប់ទម្រង់ ក្នុងគោលបំណងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។ ការដាក់បទបញ្ជារបស់សម្តេចធិបតី បន្ទាប់ពីសង្កេតឃើញថា មានការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាក្នុងចំណោមកុមារ និងយុវជននៅកម្ពុជា។

ក្នុងនោះសម្តេចបញ្ជាឱ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវចាត់វិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ចំណែកក្រសួងសុខាភិបាល ត្រូវចេញសេចក្តីណែនាំអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាព និងគ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍នោះ។ ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ដាច់ខាតការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅក្នុងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងកន្លែងផ្សេងៗទៀត។ រីឯ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបង្កើតការត្រួតពិនិត្យនៅតាមមូលដ្ឋានស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងយោធិន ព្រមទាំងមន្រ្តីជាប់កិច្ចសន្យាណាដែលពាក់ព័ន្ធ និងប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីស្សា។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…