តាមរយៈកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៣ ខែតុលានេះ ប្រមុខការពារជាតិកម្ពុជា-ថៃ បានសម្រេចឯកភាពគ្នាលើកគោលការណ៍៣ចំណុចសំខាន់។ ទី១. សម្រេចកាត់បន្ថយភាពតានតឹងផ្នែកយោធា ដោយសម្រួលដកអាវុធធ្ងន់ធ្ងរដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ចេញពីព្រំដែន, ទី២. ឯកភាពលើលើការងារដោះមីនមនុស្សធម៌សំដៅចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី, ទី៣. ឯកភាពរួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) និងការជួញដូរមនុស្សរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិថៃ។ ដោយឡែក ទាហានកម្ពុជាទាំង១៨នាក់ដែលថៃចាប់ឃុំខ្លួន នឹងត្រូវដោះលែងវិញ ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលការចុះហត្ថលេខានេះនឹងមានអញ្ជើញចូលរួមពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ធ្វើជាសាក្សីផងដែរ។ សូមជម្រាបថា កិច្ចប្រជុំពិសេស GBC លើកទី២នេះ ដឹកនាំដោយឯកឧត្តម ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម Nattaphon Narkphanit រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលធ្វើឡើងក្រោមការសង្កេតការណ៍ដោយតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាម៉េរិក និងក្រុមការងារអ្នកសង្កេតអន្តរកាល (IOT)ប្រចាំនៅប្រទេសកម្ពុជានិងថៃ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត








