ថៃឡង់ដ៍៖ ប្រភពពីវិមានរដ្ឋាភិបាលថៃបានឱ្យដឹងថា នាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃស្អែកវិញ ដោយរំពឹងទុកថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្រោមការចូលរួមពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃ២៦ខែតុលាឆ្នាំ២០២៥។
លោក អនុទិន ចានវីរគុល (Anutin Charnvirakul)នាយករដ្ឋមន្ត្រីថៃ បានប្រកាសលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេស សម្រាប់ការកាន់ទុក្ខព្រះមហាក្សត្រីរបស់ប្រទេសថៃ ស៊ិរីគិត គិធីយ៉ាការ៉ា (Sirikit Kitiyakara) ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ប្រព្រឹត្តិទៅដោយភាពស្ងប់ស្ងាត់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្លៀកពាក់ខ្មៅ ដើម្បីសម្តែងការកាន់ទុក្ខ និងគោរពចំពោះព្រះវិញ្ញាណក្ខន្ធរបស់សម្តេចព្រះមហាក្សត្រីស៊ិរីគិត ដែលបានយាងសោយទិវង្គតក្នុងជន្មាយុ៩៣ព្រះវស្សា កាលពីម៉ោង២១:២១នាទីយប់ថ្ងៃសុក្រ ទី ២៤ ខែតុលា។
គេរំពឹងទុកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវរៀបចំឡើងដោយផ្លាស់ប្ដូរពេលវេលា ពីពេលរសៀល ទៅពេលព្រឹកជំនួសវិញ ប៉ុន្តែប្រសិនបើសហរដ្ឋអាម៉េរិកមិនអាចចូលរួមបានទេ លោកនាយករដ្ឋមន្ត្រីថៃនឹងប្រគល់ភារកិច្ចនេះ ទៅឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស ចុះហត្ថលេខាជំនួសវិញ ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម



