សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្ឃឹមយ៉ាងមុតមាំលើភាគីថៃ ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ស្របតាមការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាជាផ្លូវាករណ៍លើកិច្ចព្រមព្រៀងសន្តិភាព ក្រោមអធិបតីភាពសាក្សីពីសំណាក់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។
ទន្ទឹមគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចំពោះការគាំទ្រដោយឥតងាករ និងការសម្របសម្រួល ក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ សម្តេចធិបតីក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក។
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តយ៉ាងពេញលេញ និងដោយភាពស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃ និងដៃគូទាំងអស់ ដើម្បីធានាថា សន្តិភាពនេះនៅស្ថិតស្ថេរ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាចុងក្រោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្នើបេក្ខភាពឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាពផងដែរ៕
ដោយ៖ ចិន្តា ទីទិ












