ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យបញ្ឈប់ការកាត់ត ឬបំលែងរូបភាពដែលមានលក្ខណៈជេរប្រមាថ និងការប្រើប្រាស់ភាសាមិនសមរម្យ ដែលពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការអំពាវនាវនេះ តាមការបញ្ជាក់របស់ឯកឧត្តម ត្រូវបានផ្សាយតាមបណ្តាញសង្គមផ្លូវការរបស់លោកនាថ្ងៃទី ២៨ តុលា ឆ្នាំ ២០២៥ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី ២៦ តុលា ឆ្នាំ ២០២៥ ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។
សេចក្តីថ្លែងការណ៍រួមនោះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងលើកកម្ពស់ទំនាក់ទំនងល្អ ដែលមានអត្ថប្រយោជន៍រួមរវាងកម្ពុជា និងថៃ។ ដើម្បីសម្រេចគោលបំណងនោះ ភាគីទាំងពីរបានឯកភាពអនុវត្តជំហានជាក់លាក់ ដើម្បីធានាឱ្យមានបទឈប់បាញ់ពេញលេញ និងមានប្រសិទ្ធភាព ស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន។
ក្នុងនោះ ក៏មានការអះអាងថា ភាគីទាំងពីរនឹងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់គ្មានភស្តុតាង និងការប្រើវោហាសាស្ត្រដែលអាចបង្កភាពតានតឹង ឬប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
ជាផ្នែកមួយនៃការគាំទ្រសេចក្តីថ្លែងការណ៍រួមនេះ ឯកឧត្តម នេត្រ ភក្រ្តា បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបញ្ឈប់ការចែករំលែកមាតិកាដែលអាចបង្កអវិជ្ជមានចំពោះសង្គម។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានរំលឹកថា ក្រសួងកំពុងដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជាសកល ដែលចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ ២០២៥ ដោយមានគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ និងរួមចំណែករក្សាសន្តិភាពសង្គម។
ដើម្បីធានាថាការផ្សាយព័ត៌មានមានសុចរិតភាព ឯកឧត្តមក៏បានរំលឹកអំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ផ្នែកទី៣ ស្តីពីសុក្រឹតភាពនៃព័ត៌មាន ដែលកំណត់ឱ្យអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវឈរលើការពិត ផ្សាយតែព័ត៌មានមានប្រភពច្បាស់លាស់ និងជៀសវាងការកែប្រែរូបភាព ឬវីដេអូដែលអាចបំភ្លៃន័យដើម។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ








