ដើម្បីទទួលស្វាគមន៍ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ រដ្ឋបាលខេត្តកែប កំពុងត្រៀមបើក «ឆ្នេរតេជោសន្តិភាពកែប» ឱ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្ត។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា គម្រោងអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពកែបដែលមានប្រវែង ២,៧០០ម៉ែត្រ នឹងបញ្ចប់ការសាងសង់ ហើយដាក់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងអំឡុងពិធីបុណ្យអុំទូកនាពេលខាងមុខ។ នៅថ្ងៃទី២៧ ខែតុលា ឯកឧត្តមអភិបាលខេត្ត បានចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពកែបនេះ និងបានជំរុញការសាងសង់រង្វង់មូលគយគន់ទេសភាពនៃគម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពកែប»នេះឱ្យបានរួចរាល់មុនពិធីបុណ្យអុំទូក ហើយជំហានបន្តនឹងសាងសង់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាបន្តបន្ទាប់តាមគម្រោងនាពេលខាងមុខ។
គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរតេជោសន្តិភាពខេត្តកែប» មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រួមគ្នារវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈដ៏ល្អប្រណីតសម្រាប់បម្រើឱ្យការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាលំហែនៅខេត្តកែបនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ការអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពដ៏ល្អប្រណីតកម្រិតខ្ពស់នៅខេត្តកែបចំណាយរយៈពេល ២ឆ្នាំមកនេះ ដើម្បីតបតាមគំរូប្លង់ការអភិវឌ្ឍឆ្នេរកម្សាន្តខេត្តកែប ដែលបានចាត់ទុកជាគម្រោងអភិវឌ្ឍដំបូងគេនៅក្នុងប្រទេសកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត









