ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធនិងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ពង្រឹងឱ្យខ្លាំងបន្ថែមទៀតលើការទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើងគឺមិនអាចដកថយនោះឡើយ ព្រមទាំងបង្ក្រាបបទល្មើសគ្រឿងញៀន , បទល្មើសលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ ។ ឯកឧត្តមប្រកាសបទបញ្ជានេះនៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាពក្រុមការងារទទួលព័ត៌មានទាន់ហេតុការណ៍( HOTLINE ) ជនបរទស នៅថ្ងៃទី២៨ ខែតុលា។ ឯកឧត្តមស្នងការ សង្កត់ធ្ងន់ថា ការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដែលនាំឱ្យបទល្មើសមានការថយចុះ។ ឯកឧត្តមក៏បានណែនាំឱ្យបន្តក្តាប់សភាពការណ៍បទល្មើស និងរាល់សភាពការណ៍នានា ដើម្បីគ្រប់គ្រងនិងដោះស្រាយឱ្យបានទាន់ពេលវេលា។
ក្នុងរយៈពេល៩ខែឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៦,០០០ករណី ក្នុងនោះឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ និងរឹបអូសវត្ថុតាងបានសារធាតុញៀនគ្រប់ប្រភេទសរុបជាង ៧តោន សារធាតុគីមីផ្សំចំនួន ៤៨តោន។ ចំណែក ករណីក្រុមក្មេងទំនើងវិញ សមត្ថកិច្ចបង្ក្រាបបានជាង ៧០០ករណី និងបទល្មើសល្បែងស៊ីសងជាង ៤០០ករណី។ ក្រៅពីនេះ ឯកឧត្តមស្នងការ ក៏បានជំរុញឱ្យបន្តបញ្ចេញកម្លាំងចុះទៅសម្រួលចរាចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅគោលដៅនានាដែលប្រឈមនឹងការកកស្ទះ។ ចំណែក ពាក់ព័ន្ធនឹងលំហូរចរាចរណ៍នេះ ឯកឧត្តម បានដាក់បញ្ជាឱ្យកម្លាំងជំនាញចរាចរណ៍ត្រូវពង្រឹងចុះហាមឃាត់រាល់រថយន្តធំៗដែលបើកបរចូលក្នុងរាជធានីភ្នំពេញខុសពេលវេលាដែលត្រូវហាមឃាត់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត




