ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក (ADMM-Plus) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិជាក់ស្ដែង ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងជាមួយប្រទេសបូក ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម ក្រោមប្រធានបទ «ការរួបរួមអាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព»។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងជំនួបក្រៅផ្លូវការ ចំនួនបួនទៀត រួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-ឥណ្ឌា ជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន (ASEAN-China Defence Ministers' Lunchoen) និងជំនួបក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក (ASEAN-US Defence Ministers' High-Tea)។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន និងប្រទេសបូកជាដៃគូមួយចំនួន ដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីងផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ


