(ភ្នំពេញ)៖ រយៈពេល៩ខែ ក្នុងឆ្នាំ២០២៥នេះ មានបទល្មើសកើតឡើង ២១៥២ លើកនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះបទល្មើសឧក្រិដ្ឋមានចំនួន៤៧៥ និងបទល្មើសមជ្ឈឹម ១ ៦៧៧ករណី។ ក្នុងចំណោមករណីល្មើសដែលកើតមាន សមត្ថកិច្ចចុះបង្ក្រាបបានចំនួន ២០៧១ ករណីឬស្មើនឹង៩៦ភាគរយ។ នេះបើតាមឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យអះអាងថា បទល្មើសដែលកើតឡើង រយៈពេល៩ខែ ក្នុងឆ្នាំនេះ មានការថយចុះ ៤៥០ករណី បើធៀបនឹងពេលដូចគ្នា នៅឆ្នាំមុន។ ពាក់ព័ន្ធបទល្មើស ដែលកើតឡើងទាំង ២១៥២លើកនេះ មានអ្នករងគ្រោះ ២ ៣៨៧នាក់ ក្នុងនោះ មានអ្នកស្លាប់ ១៥៦ នាក់ និងរងរបួសចំនួន ៦៨២ នាក់។
ចំពោះលទ្ធផលនៃការចុះបង្ក្រាបរបស់សមត្ថកិច្ចទាំង ២ ០៧១ ករណីនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសុរប ៣ ២៩៦ នាក់។ ក្នុងចំណោមជនសង្ស័យនេះ សមត្ថកិច្ចពិនិត្យឃើញ មានអ្នកផ្ទុកសារធាតុញៀន ៩៩៣ នាក់ ដែលស្មើនឹង ៣០ ភាគរយ។ ប្រតិបត្តិការបង្ក្រាបទាំងនេះ ប៉ូលិស ក៏បានដកហូតកាំភ្លើងវែងចំនួន ៨ដើម កាំភ្លើងខ្លី ៣៥ដើម គ្រាប់បែក១គ្រាប់ អាវុធកែច្នៃ ១១ដើម កាំបិតនិងដាវ ៦៧ដើម រថយន្ត ៦៤គ្រឿង ម៉ូតូ ២៥៧គ្រឿង និងឧបករណ៍មួយចំនួនទៀត។ ជនសង្ស័យមួយចំនួន ព្រមទាំងវត្ថុតាងនេះ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
តាមការវាយតម្លៃ របស់ក្រសួងមហាផ្ទៃ បានឱ្យឃើញថាមានខេត្តចំនួន៦ មានការកើនឡើងនៃបទល្មើស និង១៩រាជធានី-ខេត្តទៀត មានបទល្មើសថយចុះ។ ឯកឧត្តម ទូច សុឃៈ ចាត់ទុកការបង្ក្រាបបទល្មើសរយៈពេល៩ខែ ក្នុងឆ្នាំ២០២៥ មានប្រសិទ្ធភាព ដោយសារកិច្ចខិតខំរបស់អាជ្ញាធរ រួមជាមួយការសហការរបស់ពលរដ្ឋ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ



