跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជា-ថៃកំណត់យកតំបន់សាកល្បង១កន្លែងនៅឃុំអូរបីជាន់សម្រាប់ដោះមីនមនុស្សធម៌

KPS99TV历史原文 · 暂无当前语言译文

នៅល្ងាចថ្ងៃទី៣១ ខែតុលា ក្រុមការងារសម្របសម្រួលចម្រុះ(JCTF)កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំដោយបានកំណត់តំបន់សាកល្បងចំនួន១ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែនសម្រាប់ដំណើរការដោះមីនមនុស្សធម៌។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា ទីតាំងដែលភាគីទាំងពីរបានកំណត់រួមគ្នា គឺស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា ដែលទល់មុខនឹងឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃ។ ចំណែកការងារដោះមីនមនុស្សធម៌នេះ ត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា  រវាងក្រុមការងារ JCTF កម្ពុជា-ថៃ ។

អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់បន្ថែមថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ(TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខនេះ។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង។

ជាការកត់សម្គាល់៖ ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន (JBC) នោះឡើយ។ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចម្រុះព្រំដែន (JBC)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…