ប្រមុខការពារជាតិកម្ពុជា បានអះអាងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា ភាគីទាំងពីរកម្ពុជា-ថៃ នឹងអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយតម្លាភាព ហើយភាគីកម្ពុជា ទន្ទឹមរង់ចាំថៃភាគីដោះលែងវីរៈកងទ័ពទាំង១៨នាក់ ដែលមានចែងនៅក្នុងប្រការនៃកិច្ចព្រមព្រៀងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឱ្យត្រលប់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស។ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងដូច្នេះ បន្ទាប់ពីជំនួបចតុភាគីរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក-កម្ពុជា-ថៃ- ម៉ាឡេស៊ី បានបញ្ចប់ទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ប្រមុខការពារជាតិកម្ពុជា បានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាព» រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។
ដោយឡែក ចំពោះមុខប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកផ្សេងទៀត នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម អានុទីន ចាន់វីរៈគល់ ក៏បានថ្លែងថា ក្រោយចុះហត្ថលេខាកិច្ចព្រមព្រៀងខាងលើ ថៃនឹងចាប់ផ្ដើមដំណើរការនៃការដោះលែងទាហានកម្ពុជាទាំង១៨នាក់មកឱ្យកម្ពុជាវិញ។ ចំណែក សហរដ្ឋអាម៉េរិក តាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ដោយរំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញ។ យ៉ាងណា គិតមកដល់ពេលនេះ គឺមានរយៈពេល៩៦ថ្ងៃហើយ ដែលទាហានខ្មែរទាំង១៨នាក់ត្រូវបានថៃចាប់ឃុំខ្លួន៕
ស្ថានីយទូរទស្សន៍ខេត្តព្រហសីហនុ ដោយ៖ ង៉ែត ពិសាន្ត

