ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ ពិធីបុណ្យនេះ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅមុខព្រះបរមរាជរាំង នឹងមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៤ កើត ខែអស្សុជ ដល់ថ្ងៃ១រោជ ខែកក្ដិក ដែលក្នុងឆ្នាំនេះត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា។
ដោយឡែក នៅឆ្នាំ២០២៥នេះ ដោយសារប្រទេសកម្ពុជាជួបនូវបញ្ហាជម្លោះព្រំដែនជាមួយថៃ និងបញ្ហាប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅថៃដែលវិលត្រលប់មកកម្ពុជាវិញ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ប៉ុន្តែនៅតាមបណ្ដាខេត្តនានាអាចប្រព្រឹត្តិទៅបានជាធម្មតា។ ចំណែក នៅឆ្នាំ២០២០ និងឆ្នាំ២០២១ រាជរដ្ឋាភិបាលក៏សម្រេចមិនឱ្យរៀបចំពិធីបុណ្យអុំទូកដែរ ដោយសារបញ្ហារាលដាលជំងឺកូវីដ-១៩ ហើយនៅឆ្នាំ២០២២ ស្ថានភាពជំងឺកូវីដហាក់មានភាពល្អប្រសើរ ប៉ុន្តែក៏កម្ពុជា មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកទេ ដោយសារជាប់ដៃធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅកម្ពុជា។
រីឯ នៅឆ្នាំ២០១៥ ដោយសារទឹកទន្លេទាប (រាក់) ដែលមិនអាចអុំទូកបាន ទើបកម្ពុជាសម្រេចមិនរៀបចំពីធីបុណ្យអុំទូក ហើយក្រោយមកទៀតនៅឆ្នាំ២០១១ ដោយសារព្រឹត្តិការណ៍ជាន់គ្នាស្លាប់លើស្ពាន់កោះពេជ្រ និងនៅឆ្នាំ២០១២ និង២០១៣ ក្រោមហេតុផលទឹកជំនន់និងការចូលទិវង្គតរបស់សម្តេចព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា ក៏រាជរដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូករយៈពេល៣ឆ្នាំជាប់ៗគ្នាទៀតដែរ។ សរុបមកគឺ៨ឆ្នាំដែលកម្ពុជាមិនបានប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គិតចាប់តាំងពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០២៥នេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត





