ខេត្តព្រះសីហនុ ៖ ក្នុងឱកាសដឹកនាំមន្ត្រីដឹកនាំមន្រ្តីជំនាញ មន្ទីរ អង្គភាព ពាក់ព័ន្ធចុះពិនិត្យផ្លូវបេតុងនិងវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងក្នុងក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិលខេត្តព្រះសីហនុ ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានទីលំនៅអមសងខាងផ្លូវបេតុងដែលកំពុងជួសជុល អំពីស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ និងសូមការអធ្យាស្រ័យ យោគយល់សម្រាប់គម្រោងជួសជុលផ្លូវ និង ដំណើរការសាងសង់ផ្លូវរបស់យើងទទួលបានលទ្ធផលល្អ ងាយស្រួលក្នុងការធ្វើដំណើរចេញចូលគឺដោយមានការចូលរួមពីបងប្អូនពលរដ្ឋផងដែរ។
ក្នុងនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការចុះពិនិត្យផ្លូវបេតុងនិងវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងចំនួន ៣ខ្សែនេះ ជាគម្រោងអភិវឌ្ឍខេត្តដែលប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៥ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយឯកឧត្តម បានណែនាំឲ្យមន្ត្រីជំនាញត្រូវត្រួតពិនិត្យការសាងសង់ផ្លូវទៅតាមគម្រោងប្លង់និងមានគុណភាពសម្រាប់ឲ្យការប្រាស់បានយូអង្វែង។
គម្រោងទី១ ជួសជុលផ្លូវ (មុខពន្ធនាគារខេត្ត) ប្រវែង ៥១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ លូមូលកាត់ទទឹងផ្លូវមុខកាត់ ០,៦ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន១កន្លែង និងលូអ៊ុយទំហំ ១ម៉ែត្រ គុណ ១,២ម៉ែត្រ ប្រវែង ១០ម៉ែត្រ ។ គម្រោងទី២ ប្រវែង ២៦៣ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាលបេតុង ស្ថិតនៅផ្លូវចូលទៅកាន់ចំណត រថយន្តថ្មី ។ គម្រោងទី៣ ផ្លូវប្រវែង ៩៥០ ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ ម៉ែត្រ ចាក់ក្រាលបេតុង និងខឿនចិញ្ចើមផ្លូវសងខាង និងខ្នែងផ្លូវចំនួន ៩កន្លែង ទំហំ ២៣៤ម៉ែត្រ ការ៉េ ដាក់លូមុខកាត់ ០,៨ម៉ែត្រចំនួន ៤កន្លែង ។
ឯកឧត្តម អភិលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានទីលំនៅអមសងខាងផ្លូវបេតុង សូមជួយថែទាំផ្លូវ កុំឲ្យរថយន្តធំៗដឹកលើសទម្ងន់បរកាត់ ដើម្បីឲ្យការប្រើប្រាស់ផ្លូវបានយូ ជាពិសេសជួយសម្រួលកូនចៅរបស់យើងស្រួលធ្វើដំណើរទៅសាលារៀន ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅអមសងខាងផ្លូវរៀបចំប្រព័ន្ធលូសមស្របមួយ ដើម្បីឱ្យមានលំហូរទឹកបាន និងមានអនាម័យ បរិស្ថាននៅក្នុងមូលដ្ឋានកាន់តែល្អប្រសើរបន្ថែមទៀត ៕
ដោយ ៖ ប៉ៃ សុឃីម









