ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) និងព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong) ក្នុងពេលតែមួយ ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ពីថ្ងៃទី០៧ដល់ថ្ងៃទី០៩ ខែវិច្ឆិកា។ សេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា បានបញ្ជាក់ច្បាស់ៗថា ព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះសង្ឃរា និងធ្វើឱ្យមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើកម្ពុជា។ ចំណែក ព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong)កើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងនៅលើប្រទេសកម្ពុជា។
ប៉ុន្តែទោះបីជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះមានឥទ្ធិពលលើកម្ពុជាត្រឹមកម្រិត២០ភាគរយប៉ុណ្ណោះ។ នេះបានន័យថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០ភាគរយ, តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប់ដណ្តប់លើផ្ទៃដី ២៥ភាគរយ ហើយរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ១,៧៥ម៉ែត្រ។ ដោយឡែក សីតុណ្ហភាពមធ្យមមានត្រឹម ២១°C (អង្សាសេ) ដល់ ២៨ទៅ២៩ °C ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



