跳至正文
西哈努克省电视台 · 官方网站
登录

CMAC និង TMAC ត្រូវរៀបចំផែនការសកម្មភាពលម្អិតលើការងារដោះមីនមនុស្សធម៌ដើម្បីសុំការអនុម័តពី JCTF

KPS99TV历史原文 · 暂无当前语言译文

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ត្រូវរៀបចំផែនការសកម្មភាពលម្អិតសម្រាប់ការងារដោះមីនមនុស្សធម៌នៅតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនដែលបានកំណត់ ដើម្បីសុំការអនុម័តពីក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ (JCTF) មុននឹងចាប់ផ្តើមអនុវត្តការងារ។ កន្លងទៅ ភាគីកម្ពុជា-ថៃ ធ្លាប់បានឯកភាពគ្នាកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យទល់មុខនឹងឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការងារដោះមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការ JCTF និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយឯកតោភាគីឡើយ។ JCTF មានភារកិច្ចកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន ព្រមទាំងអនុម័តលើផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌។ ក្រោយពីផែនការសកម្មភាពសម្រាប់ប្រតិបត្តិការការដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនត្រូវបានអនុម័តដោយ JCTF មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង TMAC នឹងសម្របសម្រួលជាមួយនឹងប្រតិបត្តិករដោះមីន ដើម្បីធ្វើការដោះមីនមនុស្សធម៌ដោយឯករាជ្យ និងដាច់ដោយឡែកពីគ្នាក្នុងតំបន់អាទិភាពដែលត្រូវបានកំណត និងឯកភាពនោះ។ ក្រុមការងារ JCTF  ត្រូវបានបង្កើតឡើងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា។ រីឯរាល់សកម្មភាពដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងថៃឡើយ ហើយមិនត្រូវបង្កើតជាអង្គហេតុនៃការទទួលស្គាល់លើទីតាំង (Faits Accomplis) ឬ ជាមូលដ្ឋាននៃការទាមទារសិទ្ធិលើខ្សែបន្ទាត់ព្រំដែននោះទេ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…