跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋបាលខេត្តព្រះសីហនុប្រារព្ធពិធីទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធាពលខេមរៈភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥)

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានថ្លែងក្នុងអង្គមីទ្ទីញខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យ ជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥វេទិកា៧មករា ក្រុងព្រះសីហនុ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលើកឡើងថា  ថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុទាំងមូល មានក្តីអំណរសាទរចំពោះការរៀបចំអង្គមីទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) ដែលជាទិវាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត នៃមាតុភូមិកម្ពុជាយើងដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ ។

ដើម្បីរំលឹកនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនៃការទាមទារឯករាជ្យបរិបូណ៌ ប្រជាជាតិកម្ពុជាយើងតែងតែប្រារព្ធពិធីបុណ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងនូវការដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជន យុទ្ធជន ប្រជាជនយើងដែលបាន បូជាជីវិត ដើម្បីឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើន រុងរឿងរបស់ប្រទេសជាតិយើង។ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥  វីរៈកងទ័ពយើងបានប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដីដោយមិនខ្លាចពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើងឱ្យបាននៅគង់វង្សស្ថិតស្ថេរជាអមតៈ ដោយមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមករំលោភបំពានបានឡើយ។

នៅឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាយើងមិនអាចបំភ្លេចបាន និងបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានឆក់ប្លន់សមិទ្ធផល កាប់សម្លាប់ប្រជាជនយ៉ាងសាហាវព្រៃផ្សៃ និងបានបំផ្លិចបំផ្លាញសង្គមជាតិ អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ក្រោមការប្រយុទ្ធតស៊ូ ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាជាតិខ្មែរបានរស់ឡើងវិញបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ និងបង្កើតបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះៗ ទទួលបានការអភិវឌ្ឍដ៏រស់រវើករបស់សង្គមជាតិយើងដូចបច្ចុប្បន្ន។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ឈ្លាសវៃ ប៉ិនប្រសប់ របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា   បានបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាមួយនឹងឆន្ទៈសម្រេចឱ្យបាននូវចក្ខុវិស័យជំរុញកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា ឯករាជ្យ និងសន្តិភាពមិនមែនកើតឡើងដោយឯកឯងនោះទេ ទាំងការទទួលបាននូវឯករាជ្យ និងសន្តិភាពសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងការផ្តួចផ្តើមដោយខ្មែរខ្លួនឯង ក្នុងន័យនេះក្នុងនាមជាកុលបុត្រខ្មែរ យើងទាំងអស់គ្នាត្រូវបេ្តជ្ញាខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដង្ហែតាមស្នាព្រះហត្ថប្រវត្តិសាស្រ្ត និងគំរូវីរៈរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណាព្រះបរមរតនកោដ្ឋ»  និងរួមគ្នាជាធ្លុងមួយក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបន្តពូនជ្រុំថែរក្សា និងការពារឱ្យបានស្ថិតស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍន៍ និងអត្ថិភាពជានិរន្តរ៍នៃជាតិខ្មែរតរៀងទៅ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…