跳至正文
西哈努克省电视台 · 官方网站
登录

ការដំឡើងធ្នើមតភ្ជាប់សណ្ឋាគារកម្ពស់ជិត៦០ម៉ែត្រជាភាពអស្ចារ្យនៃវិស័យសំណង់ក្នុងខេត្តព្រះសីហនុ

KPS99TV历史原文 · 暂无当前语言译文

摘要

Please click this link to get more information

សណ្ឋាគារលំដាប់ផ្កាយប្រាំដែលជាគម្រោងរបស់ក្រុមហ៊ុន ផឹនីនស្យ៊ូឡឺ បេ អ៊ិនវេសម៉ិន ឯ.ក (Peninsula Bay Investment CO.LTD) បានដំណើរការដំឡើងធ្នើមតភ្ជាប់សំណង់អគារដែលមានទម្ងន់១,៨០០តោន ប្រវែង ៥០ម៉ែត្រ និងទទឹង ២៥ម៉ែត្រ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ចំណុចដែលត្រូវតភ្ជាប់អគារនេះ គឺនៅជាន់ទី១៣ ដែលមានកម្ពស់ ៥៩ម៉ែត្រ និងប្រើពេល ២ថ្ងៃសម្រាប់ស្ទូចដំឡើងក្នុងល្បឿន៥ម៉ែត្រក្នុង១ម៉ោង។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចាត់ទុកការដំឡើងធ្នើមតភ្ជាប់សណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ជាភាពអស្ចារ្យនៃវិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ។ មិនតែប៉ុណ្ណោះ ឯកឧត្តម បានគូសបញ្ជាក់ថា គម្រោងនេះអាចថាជាគម្រោងទី២ បន្ទាប់ពីគម្រោងនៅស៊ិនជិន ប្រទេសចិន។

គួររំលឹកថា គម្រោងអភិវឌ្ឍន៍សណ្ឋាគារលំដាប់ផ្កាយប្រាំ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២ធ្នូ (បណ្តោយផ្លូវទីលានតេជោ) ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់នាដើមឆ្នាំ២០២៤ នៅលើផ្ទៃដីសរុបប្រមាណ ១៦ហិកតា ដែលគ្រោងនឹងចំណាយថវិការប្រមាណ ១ពាន់លានដុល្លារអាមេរិក ហើយគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ខាងមុខ ដែលអាចផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥,០០០នាក់។  គម្រោងសាងសង់អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ មានកម្ពស់៣៧ជាន់ មានប្រមាណ ២,៨៧០បន្ទប់ ក្នុងនោះរួមមាន៖ អគារការិយាល័យ ផ្សារទំនើបលំដាប់អន្តរជាតិ សួនទឹកកម្សាន្តខ្នាតធំ សាលាប្រជុំ និងសាលកម្មវិធីខាតធំផងដែរ។  បច្ចុប្បន្ន គម្រោងទាំងមូលបានសម្រេចការសាងសង់រួចរាល់ប្រមាណ ៤៥ភាគរយហើយ ក្នុងនោះអគារសណ្ឋាគារសាងសង់បានកម្ពស់៣០ជាន់ នៅខ្វះ៧ជាន់ទៀតប៉ុណ្ណោះ។ ចំណែក អគារការិយាល័យ និងខុនដូរបានប្រមាណ ៨០ភាគរយ គ្រោងនឹងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៦។ រីឯ ហាងលក់ទំនិញតាមបណ្តោយទីលានសម្តេចតេជោវិញ បានសាងសង់រួចរាល់ប្រមាណ ៨៥ភាគរយ និងបានបើកអាជីវកម្មប្រមាណ ២០ភាគរយ ក្នុងនោះមាន ហាងកាហ្វេ Starbuck, Master Suki Soup, ផ្សារទំនើបឡាក់គី, អាហារដ្ឋាន, ភោជនីយដ្ឋាន, ហាងម៉ាស្សាក្រុងខ្មែរ និងហាងកាត់សក់៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…