跳至正文
西哈努克省电视台 · 官方网站
登录

ជម្លោះកម្ពុជានិងថៃ!បងធំអាមេរិកថានឹងបន្តតាមដានដោយយកចិត្តទុកដាក់ដើម្បីកុំឱ្យផ្ទុះអាវុធជាថ្មី

KPS99TV历史原文 · 暂无当前语言译文

ជំនួបពិភាក្សាអំពីការវិវត្តនៃសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមទូរសព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមប្រធានាធិបតី Donald J. Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ លើសពីនេះ ឯកឧត្ដមប្រធានាធិបតីថា នឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ តាមបណ្តាញសង្គមរបស់សម្តេចធិបតី បានគូសបញ្ជាក់ថា៖ តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃ។ សម្តេចក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។

ចំណែក នៅរសៀលថ្ងៃដដែលនេះ សម្តេចធិបតីក៏បានជួបពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីផងដែរ។ គួរបញ្ជាក់ថា ជំនួបពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តមប្រធានាធិបតី Donald J. Trump និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃបន្ទាប់ពីភាគីថៃបានប្រកាសផ្អាកជាឯកតោភាគីរាល់កិច្ចព្រមព្រៀងនានាជាមួយកម្ពុជា ក្រោមលេសថា ទាហានរបស់ខ្លួនបានជាន់មីនបណ្តាលឱ្យដាច់ជើង និងរបួស ព្រមទាំងព្រឹត្តិការណ៍ក្រុមទាហានថៃបានបាញ់រះមកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ។ ទន្ទឹមនឹងនោះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា ប្រទេសចិនបានតាមដានដោយយកចិត្តទុកដាក់ពីការវិវឌ្ឍន៍ និងបញ្ហាថ្មីៗមួយចំនួនក្នុងអំឡុងពេលអនុវត្តសេចក្តីប្រកាសរួមរវាងប្រទេសថៃ និងកម្ពុជា។ ក្នុងនាមជាមិត្តភ័ក្តិ និងអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ចិន ស្នើឱ្យភាគីកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់ ហើយបន្តជជែកគ្នាតាមយន្តការទ្វេភាគីដែលមានស្រាប់ និងបានព្រមព្រៀងគ្នាកន្លងមក ដើម្បីទប់ស្កាត់កុំឱ្យផ្ទុះអាវុធសារជាថ្មីទៀត។ ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនា ដើម្បីបន្ធូបន្ថយភាពតានតឹងតាមរបៀបរបស់ខ្លួន៕

ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…