跳至正文
西哈努克省电视台 · 官方网站
登录

វេទិកាចុះស្តាប់បញ្ហាពលរដ្ឋតាមមូលដ្ឋាន!អភិបាលខេត្តព្រះសីហនុថាមិនទុកសំណើពលរដ្ឋចោលឡើយ

KPS99TV历史原文 · 暂无当前语言译文

ចាប់ផ្តើមដំណើរការចេញពីក្រុងព្រះសីហនុ ទៅស្រុកកំពង់សីលា ស្រុកព្រៃនប់ រហូតដល់ក្រុងកំពង់សោមវិញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាសកម្មភាពចុះផ្ទាល់ដល់មូលដ្ឋានរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដើម្បីស្តាប់ និងស្វែងយល់នូវសំណើ សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងការរស់ប្រចាំថ្ងៃ។ នេះជាគំនិតផ្តើមរបស់រដ្ឋបាលខេត្តព្រះសីហនុដែលបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបលរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅតាមក្រុង-ស្រុកឆ្នាំ២០២៥នេះឡើង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅតាមក្រុងស្រុកទាំង៦ ខណៈបច្ចុប្បន្នរៀបចំបាន៤ក្រុងស្រុកហើយ នៅសល់តែ២ក្រុងស្រុកទៀតប៉ុណ្ណោះ ពោលគឺនៅស្រុកស្ទឹងហាវ និងក្រុងកោះរ៉ុង ដែលនឹងរៀបចំនៅថ្ងៃទី២១ និងថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ វេទិកាបានរៀបចំនៅក្រុងកំពង់សោម ក្រោមធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ-អង្គភាព ស្ថាប័ន និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូប។

វេទិកានេះបានបើកយ៉ាងទូលំទូលាយឱ្យប្រជាពលរដ្ឋលើកនូវបញ្ហាប្រឈមរបស់ខ្លួន។ ក្នុងនោះមានពលរដ្ឋសរុប៤៥នាក់បានលើសំណើផ្ទាល់មាត់ និងតាមសំបុត្រដាក់ជូនអាជ្ញាធរខេត្តដើម្បីដោះស្រាយ។ យ៉ាងណា បញ្ហាប្រឈមដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិការនាពេលនេះ គឺមិនខុសឆ្ងាយគ្នាទៅនឹងប្រជាពលរដ្ឋដែលបានលើកឡើងនាពេលកន្លងទៅនោះទេ ពោលគឺពួកគាត់ស្នើសុំផ្លូវបេតុង, ការស្តារប្រព័ន្ធលូ ប្រឡាយរំដោះទឹកភ្លៀង, ការគ្រប់គ្រងនិងការប្រមូលសំរាម សំណល់រឹង និងរាវ, បញ្ហាចេញប្លង់កម្មសិទ្ធិដីធ្លី, បញ្ហាក្មេងទំនើង, បញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន និងបញ្ហាបទល្មើសនេសាទជាដើម។

ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា៖ «យើងនឹងខិតខំដោះស្រាយ ទោះបីយ៉ាងណាក៏ដោយ ក៏យើងមិនទុកនូវសំណូមពរ និងក្តីកង្វល់របស់ពុកម៉ែ ពូមីង បងប្អូនចោលនោះទេ»។ យ៉ាងណា ក្រោយពីមានសំណើរបស់ប្រជាពលរដ្ឋ, ឯកឧត្តមអភិបាលខេត្ត បានដោះស្រាយជូនប្រជាពលរដ្ឋបានមួយចំនួន។ ចំណែកសំណើដែលមិនទាន់បានឆ្លើយតបមួយចំនួនទៀត ឯកឧត្តម ក៏បានចាត់ឱ្យលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម សហការជាមួយអាជ្ញាធរនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់ និងអាជ្ញាធរមូលដ្ឋានចុះសិក្សា និងដោះស្រាយដោយផ្ទាល់ និងដាក់បញ្ចូលជាអាទិភាពទៅក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក ក្នុងការពិនិត្យ និងពិភាក្សាដោះស្រាយ។

មិនតែប៉ុណ្ណោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏ធ្លាប់បានលើកឡើងថា នឹងជំរុញក្រុមការងារខេត្តឱ្យខិតខំជួយដោះស្រាយរបស់ពលរដ្ឋឱ្យអស់ពីលទ្ធភាព ដើម្បីការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីនៅតាមមូលដ្ឋាន។ ប៉ុន្តែក៏ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋដែរដើម្បីសម្រេចបាននូវកិច្ចការងារនោះ ដូច្នេះឯកឧត្តម ក៏បានទទូចឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរទាំងអស់គ្នា៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…