នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់តាមដងស្ទឹងពោធិ៍សាត់ បានឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងបង្កសម្ពាធយ៉ាងខ្លាំងលើតំបន់ក្រុងពោធិ៍សាត់។ ជាពិសេស តំបន់ព្រៃញី និងក្បាលហុង កំពុងប្រឈមនឹងលំហូរទឹកកើនឡើងយ៉ាងឆាប់រៀបរាល់។
យោងតាមប្រភពព័ត៌មានមូលដ្ឋាន បណ្ដាលឱ្យមានការកើនឡើងទឹកដ៏គំហុកនេះគឺកើតចេញពីការហូរច្រាំងផុស របស់ក្បាលស្ទឹងសំខាន់ៗចំនួនបីនៅខាងលើ ដែលបានសម្រុកហូរចូលគ្នា ធ្វើឱ្យផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចបញ្ចេញទឹកបានទាន់ពេលវេលា។
អាជ្ញាធរខេត្ត និងក្រុងពោធិ៍សាត់ បានចេញអន្តរាគមន៍យ៉ាងសកម្ម ដោយភ្លាមៗបានដាក់កម្លាំងជួយទប់ទឹកនៅតំបន់ដែលមានហានិភ័យបាក់ច្រាំង និងហៀរទឹក។ ជាមួយគ្នានេះ ក្រុមសង្គ្រោះផ្ដល់អាទិភាពខ្ពស់បំផុតដល់ការជម្លៀសប្រជាពលរដ្ឋនៅតំបន់មានគ្រោះថ្នាក់ ទៅកាន់ទីកន្លែងសុវត្ថិភាព។
អាជ្ញាធរមូលដ្ឋាន បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ បង្កើនការប្រុងប្រយ័ត្ន និងរៀបចំសម្ភារៈមានតម្លៃ រួមទាំងឯកសារសំខាន់ៗឱ្យបានរួចរាល់។ ក៏ដូចជា ត្រូវតាមដានព័ត៌មានពីអាជ្ញាធរជាប្រចាំ ដើម្បីត្រៀមខ្លួនជម្លៀស បើស្ថានភាពបន្តធ្ងន់ធ្ងរ។
តាមរបាយការណ៍រដ្ឋបាលខេត្ត គិតមកដល់ព្រឹកនេះ ក្រុមសង្គ្រោះ និងកងកម្លាំងចម្រុះ កំពុងបន្តតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងឈរជើងសម្រាប់ការចូលមកជួយប្រជាពលរដ្ឋក្នុងគ្រាអាសន្ន៕
ដោយ៖ KPS99TV



















