跳至正文
西哈努克省电视台 · 官方网站
登录

ដំណាំស្រូវជាង៣ពាន់ហិកតានិងពលរដ្ឋជាង៦ពាន់គ្រួសារនៅក្រុងស្រុកចំនួន៥ក្នុងខេត្តពោធិ៍សាត់កំពុងរងគ្រោះដោយទឹកជំនន់

KPS99TV历史原文 · 暂无当前语言译文

ជំនន់ទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងវាយប្រហារនៅតាមក្រុងស្រុកចំនួន៥ ក្នុងខេត្តពោធិ៍សាត់ បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៦,៣០៨គ្រួសារ និងដំណាំស្រូវជាង៣,៣៣៨ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ យ៉ាងណា គិតត្រឹមម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ បានស្រកចុះតិចតួចបំផុត ដែលកំពុងពង្រីកផលប៉ះពាល់កាន់តែខ្លាំងដល់ក្រុងនិងស្រុកមួយចំនួននៅក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញកំពុងតាមដាន និងយកចិត្តទុកដាក់មិនធ្វេសប្រហែសឡើយ។ នេះបើតាមរដ្ឋបាលខេត្តពោធិ៍សាត់បានបង្ហោះលើទំព័រហ្វេសប៊ុកនៅព្រឹកមិញនេះ។

ទន្ទឹមគ្នានេះ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)  និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់។ ជុំវិញនឹងបញ្ហានេះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះសត្វពស់ និងគ្រោះថ្នាក់ផ្សេងៗ។

មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចផ្អាករាល់ការចរាចរណ៍រថយន្តធុនធំទាំងអស់នៅក្នុងក្រុងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ។ ការកត់សម្គាល់៖ ក្នុងថ្ងៃដដែលនោះ ប្រតិភូក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…