ក្វាងចូវ, ចិន៖ នៅរសៀលថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម អមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានអនុញ្ញាតជូនលោកស្រី Ashley Fei អគ្គលេខាធិការរង សមាគមឧស្សាហកម្មសេវាកម្មព័ត៌មានទីក្រុងក្វាងចូវ និងក្រុមការងារ ចូលជួបពិភាក្សាការងារ។
ក្នុងកិច្ចប្រជុំឆ្នាំតំណាងពីសមាគមបានលើកយកប្រធានបទស្តីពី ការអញ្ជើញតំណាងស្ថានអគ្គកុងស៊ុលកម្ពុជាឱ្យចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធនឹង បរិយាកាសវិនិយោគ គោលនយោបាយពាណិជ្ជកម្ម និងឱកាសវិនិយោគថ្មីៗនៅកម្ពុជា។
កិច្ចប្រជុំនេះបានកំណត់រៀបចំនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ ដែលមានគោលបំណងបង្កើនការយល់ដឹងរបស់វិនិយោគិនចិន អំពីសក្ដានុពលសេដ្ឋកិច្ច និងបរិយាកាសអាជីវកម្មនៅកម្ពុជា។
ភាគីទាំងពីរបានបង្ហាញពីការចាប់អារម្មណ៍ខ្ពស់ចំពោះការចូលរួមសហការជាដៃគូ និងបានព្រមព្រៀងបន្តធ្វើការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងទីក្រុងក្វាងចូវ។
ដោយ៖ KPS99TV








