跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តបាត់ដំបងបើកផ្សារផលិតផលខ្មែរប្រចាំសប្ដាហ៍ដើម្បីលើកកម្ពស់កសិករ និងផលិតផលក្នុងស្រុក

KPS99TV历史原文 · 暂无当前语言译文

ខេត្តបាត់ដំបង៖ ផ្សារផលិតផលខ្មែរនៅខេត្តបាត់ដំបងដែលសហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្ត និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់ផលិតផលក្នុងស្រុកជាប្រចាំ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ៦:០០ ល្ងាច នៅមុខផ្សារទំនើបបុរីថ្មី តាមបណ្តោយផ្លូវលេខ ៣ ក្រុងបាត់ដំបង។

ផលិតផលដែលត្រូវបានលក់រៀងរាល់សប្ដាហ៍ រួមមានបន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ និងអាហារកែច្នៃផ្សេងៗទៀត ដែលផលិតដោយកសិករ និងអាជីវករខ្នាតតូចក្នុងស្រុក។

ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងភាពសហការដ៏រលូនពីរដ្ឋបាលខេត្តបានអនុញ្ញាតឲ្យមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងអនុវត្តគម្រោង AIMS (គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច) ដោយបើកដំណើរការផ្សារផលិតផលខ្មែរ តាំងពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន។

គោលបំណងសំខាន់នៃផ្សារនេះ គឺដើម្បីផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ និងក្រុមផលិត  ជំរុញទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ  កែលម្អប្រាក់ចំណូល និងជីវភាពរស់នៅរបស់សហគមន៍  លើកកម្ពស់ការប្រើប្រាស់ និងការគាំទ្រផលិតផលខ្មែរ។

ការចូលរួមលើកទឹកចិត្តប្រើប្រាស់ផលិតផលខ្មែរ ក៏ជាការរួមចំណែកក្នុងការបង្កើនផលិតភាពជាតិ បង្កើនចំណូលសហគមន៍ និងជំរុញសេដ្ឋកិច្ចសង្គមក្នុងតំបន់ឱ្យមានភាពរីកចម្រើន។

សូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីលើកស្ទួយកសិករ និងផលិតករខ្មែរទាំងអស់។

ស្វែងរកផ្សារផលិតផលខ្មែរខេត្តបាត់ដំបង៖https://maps.app.goo.gl/44Jyc9M2bWEokxbc8

ដោយ៖ KPS99TV

评论

正在加载评论…