រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានអំពីករណីឃាតកម្មដ៏សាហាវមួយ ដែលបានកើតឡើងនៅវេលាម៉ោងប្រមាណ ៦:០០ ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងភូមិពោន ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ករណីនេះពាក់ព័ន្ធនឹងការសម្លាប់មនុស្សចំនួន ៩នាក់ និងការដុតផ្ទះមួយខ្នង។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងាររួមមានតំណាងអយ្យការអមសាលាដំបូងខេត្ត កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ចុះពិនិត្យស្ថានទីកើតហេតុ និងស្វែងរកមូលហេតុ។ តាមការស្រាវជ្រាវដំបូង បានទទួលលទ្ធផលដូចខាងក្រោម៖
១. ហេតុការណ៍ឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៥:៣០ ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺប្រមាណ ៣០នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មាន។ ទីតាំងផ្ទះកើតហេតុ គឺស្ថិតក្នុងដីចម្ការ ដាច់ស្រយ៉ាល។
២. ឃាតកម្មដុតផ្ទះ និងអារករសម្លាប់នេះ បានបណ្តាលឲ្យមនុស្ស ៩នាក់ បាត់បង់ជីវិត ក្នុងនោះ ៨នាក់ បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និងម្នាក់ទៀតត្រូវបានអារកសម្លាប់នៅចម្ងាយ ប្រហែល ១០០ម៉ែត្រ ពីទីតាំង ផ្ទះឆេះ។ ជនរងគ្រោះទាំង ទាំង ៩នាក់ មាន ស្រី ៧នាក់ និង ប្រុស ២នាក់ និងសុទ្ធតែជាសាច់ញាតិនឹងគ្នា។
៣.ជនសង្ស័យជាឃាតក ត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ សុបិន្ត មិនា អាយុ ២១ឆ្នាំ ត្រូវជា ប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ចំណុចអូរហោះ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលជាស្រុករបស់ជនសង្ស័យ ហើយជនសង្ស័យ ក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចរាល់ហើយ។ នៅពេលសម្ថតិកិច្ចឃាត់ខ្លួន ជនសង្ស័យ ហាក់មានស្មារតីមិនប្រក្រតី។ តាមការពិនិត្យទឹកនោម ជនសង្ស័យពុំត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុញៀនឡើយ។ សមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គាត់បន្ថែមទៀត។
ជាការសន្និដ្ឋានបឋម ជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាញ់ញាតិនឹងគ្នា ដូច្នេះ បញ្ហា ឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ។ ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឲ្យមានឃាតកម្មនេះ គឺ ជនសង្ស័យបានសារភាពថា “ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបាន សម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់”។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយចំពោះសោកនាដកម្ម យ៉ាងសាហាវយង់ឃ្នងលើក្រុមគ្រួសារជនរងគ្រោះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ព្រមទាំងសូមស្នើឲ្យសមត្ថកិច្ចអនុវត្តទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស។
ដោយ៖ KPS99TV










