跳至正文
西哈努克省电视台 · 官方网站
登录

មេសិទ្ធិមនុស្សកម្ពុជា៖ប្រទេសថៃកំពុងបង្កភាពបែកបាក់និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន

KPS99TV历史原文 · 暂无当前语言译文

ថ្លែងប្រាប់រដ្ឋមន្រ្តីក្រសួងសិទ្ធិមនុស្សឥណ្ឌូនេស៊ី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ានដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Natalius Pigai រដ្ឋមន្រ្តីក្រសួងសិទ្ធិមនុស្សឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់បន្ថែមពីបញ្ហាដែលនាំឱ្យកើតមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយសារភាគីថៃមិនឯកភាពប្រើផែនទីដែលបានទទួលស្គាល់ជាអន្តរជាតិតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃគូសដោយឯកតោភាគីទៅវិញ។

ឯកឧត្តមបញ្ជាក់ទៀតថា ដោយសារកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃបានចូលមកចាប់ទាហានកម្ពុជាដោយខុសច្បាប់ចំនួន២០រូប ខណៈបច្ចុប្បន្ននៅទាហានកម្ពុជាចំនួន១៨រូប ដែលថៃបន្តឃុំខ្លួនធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បាន។

លើសពីនេះ ប្រទេសថៃតែងតែយកបញ្ហាជាន់មីនមកធ្វើជាលេសដើម្បីបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ពាក់ព័ន្ធបញ្ហាមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានចោទជាសំណួរថា «រាល់ពេលទាហានថៃជាន់មីន តើជាន់មីនក្នុងទឹកដីកម្ពុជា ឬជាន់មីនក្នុងទឹកដីថៃខ្លួនឯង?»។ ចម្លើយត្រង់ថា បើទាហានថៃជាន់មីនក្នុងទឹកដីកម្ពុជា នោះបញ្ជាក់ថា ពួកគេបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ និងបានជាន់មីនចាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ព្រោះកម្ពុជានៅមានចម្ការមីនរាប់សិបហិកតា ប៉ុន្តែបើពួកគេជាន់មីនក្នុងទឹកដីថៃ នោះគឺជាការទទួលខុសត្រូវរបស់ថៃខ្លួនឯងមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានទទូចស្នើដល់ឥណ្ឌូនេស៊ីជួយជំរុញយ៉ាងណាឱ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាដោយសន្តិវិធី៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…