បច្ចុប្បន្នសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បាននឹងកំពុងដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ប្រមាណជិត៣០០គ្រួសារ និងប្រជាពលរដ្ឋនៅជុំវិញសហគមន៍ជាច្រើនគ្រួសារ តាមរយៈកាបណ្តុះបណ្តាល និងផ្តល់ការងារជូនយុវជនក្នុងសហគមន៍ និងការប្រមូលទិញបន្លែត្រីសាច់ពីអ្នកភូមិដែលពួកគាត់ជាអ្នកដាំដុះ និងចិញ្ចឹមដោយផ្ទាល់។
នេះបើតាមការឲ្យដឹងពីលោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានថ្លែងប្រាប់ប្រតិភូដែលជាថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ដែលបានមកទស្សនកិច្ចសិក្សានៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក សូត្រ សួរ បានបញ្ជាក់ដែរថា “ក្នុងមួយថ្ងៃសហគមន៍ផ្តល់ការងារដល់កូនអ្នកស្រុកនៅទីនេះ ប្រមាណ៧០នាក់ ហើយរាល់ថ្ងៃមានអ្នកមកកម្សាន្តក្នុងសហគមន៍ជាមធ្យមពី២០០ ទៅ៣០០នាក់ ដោយឡែកចំពោះថ្ងៃសម្រាកចុងសប្តាហ៍មានអ្នកមកកម្សាន្តរហូតដល់ទៅជា១ពាន់នាក់ក៍មាន។
លោក សូត្រ សួរ បន្ថែមថា ក្រៅពីនេះសហគមន៍ក៏បានបង្កើតនូវកញ្ចប់សេវាកម្មទេសចរណ៍ផ្សេងៗ ដែលអាចអនុញ្ញាតឲ្យពលរដ្ឋទទួលបានចំណូលដោយផ្ទាល់ពីអ្នកទេសចរ ដូចជាសេវាកម្មរទេះគោដឹកភ្ញៀវ សេវាកម្មផ្ទះស្នាក់ជាដើម។
មានប្រសាសន៍នៅក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍លើកទី៤ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងផងដែរថា ជាការពិតណាស់ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅមូលដ្ឋាន និយាយដោយឡែក និង និយាយជារួម បានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល ព្រមទាំងជួយកាត់បន្ថយការពឹងផ្អែកជាចម្បងលើធនធានធម្មជាតិ តាមរយៈការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងសេវាកម្មរបស់សហគមន៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា វេទិកាជាតិអេកូទេសចរណ៍ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ សម្រាប់វិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេសផងដែរ៕
ដោយ៖ ប៉ៃ សុឃីម











