跳至正文
西哈努克省电视台 · 官方网站
登录

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧ មានទុនវិនិយោគប្រមាណ៣៧លានដុល្លារ

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ ៖ នៅក្នុងក្របខណ្ឌអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧ មានទុនវិនិយោគប្រមាណ ៣៧ លានដុល្លារ ដែលប៉ាន់ស្មាន អាចបង្កើតឱកាសការងារបានចំនួន ៣,១៨៤កន្លែង។ នេះបើតាមការលើកឡើងរបស់លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី “នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីនេះមានការចូលរួមពីលោក រ័ត្ន មុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោក លោកស្រី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់អគារ ម្ចាស់អាជីវកម្ម បណ្តាអ្នកវិនិយោគជាតិ និងអន្តរជាតិបានចូលរួមផងដែរ។

លោកអភិបាលរងខេត្តបានបន្ថែមថា ស្ថានភាពនៃការវិនិយោគរបស់ក្រុមហ៊ុននានានៅទូទាំងខេត្តព្រះសីហនុ ផ្តោតលើវិស័យមួយចំនួនដូចជា តំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍន៍ទេសចរណ៍(ដីជួលរយៈពេលវែង ដីឆ្នេរ និងកោះ) កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាស សិប្បកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍ និងសណ្ឋាគារ កសិដ្ឋានចិញ្ចឹមសត្វ កំពង់ផែសម្រាប់ធ្វើការនាំចេញ-ចូលក្នុង និងក្រៅប្រទេស។

កាលខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្នុងគោលបំណងដើម្បីដាក់ចេញនូវវិធានការ និងយន្តការ ដែលមានលក្ខណៈជាកញ្ចប់ប្រទាក់ក្រឡាមុតស្រួច និងសាមញ្ញ។ វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដើរតួនាទីជា«ច្រកចេញ-ចូលតែមួយ» ដែលមានសិទ្ធិពិនិត្យ សម្រេច និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់លើគម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចស្នើសុំដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាតាមរយៈ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុវត្តនូវកិច្ចការផ្សេងទៀតពាក់ព័ន្ធនឹងកម្មវិធីពិសេសនេះ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ លោក ឯម ភាព បានបញ្ជាក់ថា ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ រហូត ដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៤១៣គម្រោងក្នុងនោះគម្រោង ដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ចំនួន ៤១២គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៩៧០លានដុល្លារ និងប៉ាន់ស្មាន អាចបង្កើតឱកាសការងារ ៥២ ០០៤កន្លែង ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមាន ១៩៤ គម្រោង មានទុនវិនិយោគប្រមាណ ៣ ៨១៦លានដុល្លារអាមេរិក- គម្រោងថ្មីមានចំនួន ១៧៨ គម្រោង មានទុនវិនិយោគប្រមាណ ៣ ២១៦ លានដុល្លារ ការពង្រីកគម្រោងមាន ២៥ គម្រោង មានទុនវិនិយោគ ប្រមាណ ៨៩៨ លានដុល្លារ  គម្រោងវិនិយោគមានស្រាប់មានចំនួន ១៥ គម្រោង មានទុនវិនិ យោគប្រមាណ ៣៩ លានដុល្លារ ។

ក្នុងនាមសមាជិកក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ រីករាយ ព្រោះសិក្ខាសាលាក្នុងថ្ងៃនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ២៩៧២២ អពដ ស្តីពី «នីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោមវិសាលភាពកម្មវិធីពិសេស» ដោយជំនាញមន្ត្រីបច្ចេកទេសរបស់អគ្គនាយកដ្ឋានពន្ធដារផ្ទាល់។ សង្ឃឹមជឿជាក់ថាតាមរយៈសិក្ខាសាសាផ្សព្វផ្សាយនាព្រឹកនេះនឹងធ្វើឱ្យអង្គសិក្ខាសាលាទាំងមូលទទួលបាននូវចំណេះដឹងជំនាញ ដើម្បីយកទៅអនុវត្តឱ្យកាន់មានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

评论

正在加载评论…